កំពង់ឆ្នាំង ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង សហការជាមួយក្រសួងពាក់ព័ន្ធ គ្រោងនឹងធ្វើផ្លូវ២ខ្សែរឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាលនិងទឹកធ្លាក់ស្រែអំពិល ក្នុងស្រុកទឹកផុស ដើម្បីឲ្យភ្ញៀវទេសចរណ៍ ដែលទៅលេងកំសាន្តនៅតំបន់ទាំង២នេះ ធ្វើដំណើរបានឆាប់រហ័សនិងងាយស្រួលជាងមុន។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ុន សុវណ្ណារិទ្ធអភិបាលរង ខេត្តកំពង់ឆ្នាំង ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០ របស់តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ។
លោកអភិបាលរងខេត្ត បានឲ្យដឹងថា តំបន់ទេសចរណ៍ទាំង២នេះ មានទឹកធ្លាក់ពីលើថ្ម ទាំងប្រាំង ទាំងវស្សា រំលេចទៅដោយដើមរុក្ខជាតិ តូចធំ បង្កើតជាសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល និង មានកន្លែងលេងទឹកជាច្រើន កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិផងដែរ ។ ប៉ុន្តែបច្ចុប្បន្នផ្លូវទៅកាន់តំបន់ទេសចរណ៍ទាំង២នេះ នៅមិនទាន់ធ្វើឲ្យបានល្អនៅឡើយ ។ ដើម្បីបង្ករលក្ខណះងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍ទៅលេងកំសាន្ត អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរួមសហការជាមួយក្រសួងពាក់ព័ន្ធ គ្រោងនឹងស្ថាបនាផ្លូវចំនួន២ខ្សែរឆ្ពោះទៅកាន់តំបន់ទេសចរណ៍ ដែលកំពុងមានការចាប់អារម្មណ៍ទាំង២នេះ ។ ក្រៅពីការធ្វើផ្លូវ អាជ្ញាធរខេត្តនឹងរៀបកន្លែងលេងទឹក កញ្ចុះសម្រាប់ភ្ញៀវអង្គុយលំហែរកាយ ធ្វើឡរដុតសម្រាម ដើម្បីការពារបរិស្ថានឲ្យបានល្អ ។
លោកស៊ុន សុវណ្ណរិទ្ធ បានឲ្យដឹងទៀតថា នៅក្នុងពេលខាង មុខនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំងនឹងរៀបចំធ្វើសួនច្បារថ្មីមួយទៀត នៅខាងមុខវត្តទេពធីតារ៉ាម ( វត្តយាយទេព) ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រៀបចំច្រាំងទន្លេនៅផ្សារក្រោម ដើម្បីឲ្យក្រុងកំពង់ឆ្នាំង កាន់តែមានភាពស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ឲ្យមានការចាប់អារម្មណ៍និងមកលេងមកសាន្ត ។
សូមបញ្ជាក់ថា ទឹកធ្លាក់ថ្មក្រាលកំពុងមានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរណ៍ទាំងនៅក្នុងខេត្តនិងមកពីក្រៅខេត្ត។ តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល មានទីតាំងស្ថិតនៅក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងមានចម្ងាយ ២៨ គីឡូម៉ែត្រ ពីទីរួមស្រុកទឹកផុសនិងប្រមាណជា៥០គីឡូម៉ែត្រភាគខាងលិច នៃទីរួមខេត្តកំពង់ឆ្នាំង។
ដោយឡែកតំបន់ទេសចរណ៍ទឹកធ្លាក់ធម្មជាតិ «ស្រែអំពិល» មានទីតាំងស្ថិតក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលមួយនេះ កំពុងមានការចាប់អារម្មណ៍ ពីភ្ញៀវទេសចរណ៍ជាតិទាំងក្នុងស្រុកនិងក្រៅស្រុក។ នៅពេលនេះអាជ្ញាធរកំពុងធ្វើការរៀបចំ កែឆ្នៃបន្ថែម ដើម្បីឱ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ ដែលមានបំណងទៅកម្សាន្តនៅកន្លែងទឹកធ្លាក់ដ៏ស្រស់ត្រកាលនេះ មានភាពងាយស្រួលក្នុងការអង្គុយលេង និង សម្រាកញ៊ាំអាហារផងដែរ ៕