កាលពីពេលកន្លងទៅនេះ តារាសម្តែងកញ្ញា យ៉ាយ៉ា ព្រមទាំងមិត្តភក្តិ បានរៀបចំកិច្ចការមនុស្សធម៌មួយដោយបានចុះចែក អំណោយ ដល់ទីតាំងអតីតគំនរសម្រាមស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ កញ្ញាបានសរសេរពាក្យពេចន៏ មួយចំនួនថា «ថ្ងៃនេះនាងខ្ញុំយ៉ាយ៉ា នឹងក្រុមការងារមិត្តភក្ដិទាំងអស់គ្នា បានចូលរួមចែករំលែកជាថវិការផ្ទាល់ខ្លួនមួយចំនួន ព្រមទាំងគ្រឿងបរិភោគមួយចំនួន ជូនដល់បងប្អូនចាស់ៗជាង100គ្រួសារនៅគំនរសម្រាមស្ទឹងមានជយ័ រាជធានីភ្នំពេញ! ជាក្ដីស្រលាញ់នឹងការចែករំលែកដែរធ្វើចេញពីបេះដូងពិតៗ….»។
កញ្ញា យ៉ាយ៉ា បានអោយដឹងថា ការធ្វើកិច្ចការងារមនុស្សធម៌នេះ គឺធ្វើមួយខែម្តង ដោយជ្រើសទីតាំងណាមួយដើម្បីរៀបចំ។ ហើយនេះជាការចែករំលែកគ្នា ពេលជួបបញ្ហា បើទោះជាមិនបានច្រើន តែសប្បាយចិត្ត។ ជាពិសេសស្ថិតក្នុងបរិយាកាស មេរោគកូវីដ១៩វាយលុក ធ្វើអោយបងប្អូនខកខានបំពេញការងារ ហើយគាត់ទទួលបានរបស់ប្រើប្រចាំថ្ងៃជឿថាពិតជាសប្បាយ និងធូរចិត្តខ្លះ។
កញ្ញា យ៉ាយ៉ា បន្ថែមថា អំណោយពេលនេះបានមកសាមគ្គីគ្នាប្រមូលលុយទិញជាសម្ភារៈ គ្រឿងទេស អង្ករ មី ចំណាយអស់ជាង ២ពាន់ដុល្លារ ។ កញ្ញាយ៉ាយ៉ា ក៏បានបង្ហាញអារម្មណ៍រំភើបចិត្ត ពេលឃើញស្នាមញញឹមរបស់ចាស់ៗ នឹងក្មេងៗកំព្រាដែលសប្បាយចិត្តពេលបានទទួលអំណោយ ហើយក៏អគុណដល់បងប្អូននិងមិត្តភក្ដិ ក្រុមការងារទាំងអស់គ្នា ដែរបានសហការគ្នា ជួយគ្នាអស់ពីចិត្ត ចំណាយជាថវិការផ្ទាល់ខ្លួននឹងពេលវេលាក្នុងការជួយសង្គម៕