កំពង់ឆ្នាំង ៖ប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវ ប្រើដោយថាមពលពន្លឺព្រះអាទិត្យ នឹងត្រូវដំឡើងដាក់ពង្រាយ នៅតាមបណ្តោយផ្លូវជាតិ ផ្លូវសាធារណៈ និងតំបន់ទេសចរណ៍ ក្នុងខេត្ត ចំនួន១៣ ។ខេត្តកំពង់ឆ្នាំងជាខេត្តមួយ ក្នុងចំនួនខេត្តទាំង១៣ ដែលត្រូវទទួលបានគម្រោងនេះ ។

ពិធីចុះអនុស្សណៈ នៃយោគយល់គ្នា ( MOU )ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើដោយថាមពលពន្លឺព្រះអាទិត្យ ក្នុងខេត្តចំនួន១៣នេះ ធ្វើឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាពល និងឯកឧត្តម ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការអញ្ជើញចូលពីឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិនីកម្ពុជា និងឯកឧត្តម ជាអភិបាលរាជធានី ខេត្តទាំង១៣ ។

គម្រោងនេះ នឹងចូលរួមជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ កាត់បន្ថយហានិភ័យគ្រោះថ្នាក់តាមដងផ្លូវ ពង្រឹងសន្តិសុខសាធារណៈ និងលើកកម្ពស់សោភ័ណភាពនាពេលរាត្រី ភ្ជាប់ជាមួយនឹងការប្រើប្រាស់ថាមពលស្អាតប្រកបដោយនិរន្តរភាពស្របតាមចក្ខុវិស័យនៃ “គោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ឆ្នាំ២០២២–២០៣០”៕ អត្ថបទ ហឹង ចូច













