រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងបានវាយប្រហារលើភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឱ្យផ្ទះសម្បែងសរុបចំនួន១ ៩៥៥ខ្នង រងការលិចលង់ជាបន្តបន្ទាប់ និង បានធ្វើឱ្យប៉ះពាល់ដល់គ្រួសារប្រជាពលរដ្ឋសរុបចំនួន១ ៩៥៨គ្រួសារ។
របាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះបានវាយប្រហារប៉ះចំភូមិសាស្ត្រឃុំអូរជ្រៅ ឃុំព្រៃនប់ ឃុំទួលទទឹង ឃុំអណ្ដូងថ្ម ឃុំសំរុង ឃុំសាមគ្គី ឃុំទឹកល្អក់ ឃុំទឹកថ្លា ឃុំជើងគោ ឃុំវាលរេញ និងឃុំរាម ដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបចំនួន ៧ ៩៥៤នាក់ ។ ក្រៅពីនេះក៏បានធ្វើឱ្យផ្លូវជាច្រើនខ្សែសរុប៧ ១៧០ម៉ែត្រ រងនូវការខូចខាតផងដែរ។
ឆ្លើយតបនឹងបញ្ហាដែលកើតឡើងដោយសារគ្រោះធម្មជាតិនេះ អាជ្ញាធរខេត្តព្រះសីហនុ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តមគួច ចំរើន អភិបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពខេត្ត រួមជាមួយកងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធាជើងទឹក-ជើងគោក និង មន្ត្រីរាជការជាច្រើនរយនាក់ បានចេញអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ ដោយបានជម្លៀសប្រជាពលរដ្ឋ និងដឹកជញ្ជូនសម្ភារៈនានាទៅកាន់ទីទួលមានសុវត្ថិភាព។
ក្នុងរបាយការណ៍បានឱ្យដឹងដែរថា កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចម្រុះខាងលើកបានជួយជម្លៀសប្រជាពលរដ្ឋបានចំនួន ៤៧៥នាក់ ក្នុងនោះមានក្មេងចំនួន ២១៩នាក់ ទៅកាន់ទីទួលមានសុវត្ថិភាព ព្រមទាំងបានផ្គត់ផ្គង់អាហារហូបចុក គ្រឿងឧបភោគ-បរិភោគយ៉ាងយកចិត្តទុកដាក់ ខណៈប្រតិបត្តិការនេះក៏នៅតែបន្តធ្វើជាបន្តបន្ទាប់ផងដែរ៕