កំពង់ឆ្នាំង៖រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីមរណភាពបុរសជនជាតិខ្មែរម្នាក់ឈ្មោះគ្រី ភារិទ្ធ អាយុ៣១ឆ្នាំ រស់នៅភូមិហង្សឈូក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងដែលបានចូលមកសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ដោយអាការៈហត់ខ្លាំង ក្អកស្លេស ក្តៅខ្លួនខ្លាំង ហើយឈឺសន្លាក់ ឈឺសាច់ដុំ កាលពីវេលាម៉ោង១៥ និង ០៤នាទី រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ដោយលទ្ធផលតេស្ដរហ័ស រកឃើញវិជ្ជមានជំងឺកូវីដ.១៩ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដោយសារស្ថានភាពជំងឺ មានសភាពធ្ងន់ធ្ងរ អ្នកជំងឺត្រូវបានដាក់សង្គ្រោះ ព្យាបាលនៅអគារសង្គ្រោះបន្ទាន់ផ្នែកជំងឺកូវីដ-១៩ ។ ដោយការវិវត្តរបស់ជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីក្រុមគ្រូពេទ្យ ខិតខំថែទាំសង្គ្រោះព្យាបាល តាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានមរណភាព នៅវេលាម៉ោង១៦និង៥០នាទី ថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២១ ។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យអ្នកជំងឺឈ្មោះ គ្រី ភារិទ្ធ បានមរណភាព ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវីដ-១៩ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ចូលរួមចំណែកសោកស្ដាយជាពន់ពេក និង សូមចូលរួមមរណទុក្ខយ៉ាងក្រៀមកំ្រ ជាទីបំផុត ជាមួយក្រុមគ្រួសារសពនិងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា៕