វេទិកា​សាធារណៈ​​នៅ​ស្រុក​កំពង់​លែង ឆ្លុះ​បញ្ចាំ​ង​ពីភាព​វិជ្ជមាន​និងអវិជ្ជមាន​​ក្នុងមូលដ្ឋាន ដើម្បី​​ស្នើអោយ​មន្រ្តីជំនាញ​ចូលរួម​ដោះ​ស្រាយ​

  • កំពង់​ឆ្នាំង   ថ្លែងទៅកាន់មន្រ្តី អាជ្ញាធរ និង ប្រជាពលរដ្ឋ ក្នុងវេទិកាសាធារណៈ នៅស្រុកកំពង់លែង កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០២១នេះ ឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានក្រុមការងាររាជ​រដ្ឋាភិបាល​ចុះមូល​ដ្ឋាន​​ស្រុកកំពង់លែង បានលើកឡើងថា វេទិការសាធារណៈដែលបានធ្វើឡើងនាពេលនេះពិតជាមានសារៈសំខាន់ ជាកញ្ចក់​ឆ្លុះ​បញ្ចាំង​អំពី​សកម្មភាព របស់មន្រ្តីអាជ្ញាធរក្នុងមូលដ្ឋាន ពិសេសកាផ្តល់សេវាសាធារណៈបំរើជូនប្រជាពលរដ្ឋបានល្អប្រសើរ នឹង​រកចំណុចអវិជ្ជមានដើម្បីធ្វើការដោះស្រាយ និង កែលម្អ អោយកាន់តែមានប្រសិទ្ធភាព

    ឯកឧត្តម បានលើកឡើងទៀតថា វេទិការសាធារណៈនេះ បានធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ បាន​ចូល​សំដែងមតិ ឬផ្តល់យោបល់ទាក់ទងទៅនឹងទុក្ខកង្វល់ ពិសេសទៅនឹងគោលការណ៍ភូមិឃុំមានសុវត្ថិភាព និង​រួមគ្នា​ដោះ​ស្រាយ​ផ្តល់ភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដូចនេះរាល់វេទិការសាធារណៈនៅគ្រប់មូលដ្ឋាន បងប្អូនប្រជាពល​រដ្ឋត្រូវ​ហ៊ាននិយាយការពិតនូវរាល់ចំណុចសកម្ម និងចំណុចអសកម្ម ដែលកើតមាននៅក្នុងមូលដ្ឋានតាមរយៈវេទិកាសាធារណៈ ព្រោះថា វេទិកានេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យបងប្អូនបញ្ចេញយោបល់  ដើម្បីធ្វើការកែលម្អភាពចន្លោះប្រហោង​របស់​មូល​ដ្ឋាន អោយកាន់តែមានប្រសិទ្ធភាព។

    ឯកឧត្តម បានបញ្ជាក់ទៀតថា ភារកិច្ចរបស់ក្រុមការងារថ្នាក់ជាតិ គឺមានតួនាទីលើកកម្ពស់ការដឹកនាំ សម្រប សម្រួល​និងគាំទ្រ​ដល់​រដ្ឋបាល ថ្នាក់ក្រោមជាតិក្នុងការលើកកម្ពស់ការផ្ដល់សេវា ការអភិវឌ្ឍមូលដ្ឋាន និង ការដោះស្រាយបញ្ហានានា ជូនប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន ប៉ុន្តែមិនមានតួនាទីឬសិទ្ធិសម្រេច កិច្ចការជំនួសក្រសួងនិងស្ថាប័ននានានោះឡើយ ហើយក៏ពុំអាច ចាត់​ចែង​កិច្ចកា​រជំនួសរដ្ឋបាល ថ្នាក់ក្រោមជាតិ  និង អាជ្ញាធរមានសមត្ថកិច្ចនានានោះដែរ។នៅក្នុងវេទិការនេះប្រជាពលរដ្ឋបានលើកឡើង ពាក់ព័ន្ធការធ្វើថ្មីនិងកែអត្រានុកូលដ្ឋាននៅមានភាពយឺតយ៉ាវរួមនិង​ការ​ស្នើសុំ​ធ្វើផ្លូវប្រឡាយ​ទឹកផងដែរ។

    ជាមួយនេះប្រជាពលរដ្ឋ ក៏បានលើកឡើងអំពីផលលំបាកមួយចំនួនដែលបង្ករឡើងដោយរថយន្តដឹកដីនៅតាមភូមិឃុំរបស់គាត់ ដែលធ្វើឲ្យហុយនិងខូចផ្លូវផងដែរ។ ទុក្ខកង្វល់ទាំងនេះត្រូវបានមន្រ្តីជំនាញ និង អាជ្ញាធរធ្វើការបកស្រាយពន្យល់ដល់ប្រជាពល​រដ្ឋនិងចាត់ដល់មន្រ្តីជំនាញនិងអាជ្ញាធរចូលរួមដោះស្រាយឲ្យបានទាន់ពេលវេលា

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង