កំពង់ឆ្នាំង៖ កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៩ : ៣០ នាទី ក្រោយពីទទួលបានព័ត៌មានពីរថយន្ត ០១ គ្រឿងសង្ស័យដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យបានចុះស្ទាក់ឃាត់រថយន្ត០១គ្រឿងនៅចំណុចវត្តសេដ្ឋី ស្ថិតក្នុងភូមិថ្លុកឬស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច បានអោយដឹងថា ក្នុងប្រតិបត្តការកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០២ នាក់ រថយន្ត ០១ គ្រឿង ម៉ាកSIENNAពាក់ស្លាកលេខ ភ្នំពេញ 2T 6242 និងឈើសុក្រំជុង ចំនួន ០៤ ដុំ និង ឈើចាត្រាវ ក្តារ ចំនួន ១១ សន្លឹក (មិនទាន់វាស់វែង) ។

ក្រោយពីធ្វើការឃាត់ខ្លួន កម្លាំងជំនាញបានធ្វើតេស្តរកសារធាតុញៀន ឃើញថាវិជ្ជមាន (+) ។ ដោយបានការបង្គាប់កម្លាំការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រគល់ជនសង្ស័យទាំង ០២ នាក់ខាងលើទៅកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងតាមនីតិវិធី ចំពោះវត្ថុតាង រថយន្ត និង ឈើរក្សាទុកនៅការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចជាបណ្តោះអាសន្នរង់ចាំចំណាត់ការបន្ត ៕
