សត្វទន្សោងឈ្មោលមួយក្បាល បានស្លាប់ក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យនៅល្ងាចថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០ ដោយសារតែស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ ដោយសារតែជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃមកហើយ ទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ។ នេះបើតាមការអោយដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ។ឯកឧត្តម បានថ្លែងថា សត្វទន្សោង ដែលជាប់អន្ទាក់ព្រានព្រៃនោះត្រូវបានប្រទះឃើញនៅក្នុងភូមិសាស្រ្តចំណុចអូរថ្ម ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័នស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន និងបានទទួលការសង្គ្រោះបឋមមុននឹងសត្វទន្សោងនេះបានស្លាប់។ សាកសពសត្វទ្សោងនេះនឹងត្រូវមន្ត្រីឧទ្យានុរក្ស និងព្រះតេជគុណ ប៊ុន សាលួត បញ្ចុះនៅទីស្នាក់ការកណ្តាលនៃសហគមន៍ព្រៃសង្ឃរុក្ខវ័ននៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា សត្វទន្សោងមួយក្បាលដែលត្រូវបានជួយសង្គ្រោះនេះពិតជាគួរឱ្យអាណិតអាសូរខ្លាំងណាស់។ នៅលើមុខរបស់វា មានស្នាមហូរទឹកភ្នែកដែលទំនងជាអស់ក្តីសង្ឃឹម និងជឿថាខ្លួនប្រាកដជាត្រូវបានព្រានព្រៃគ្មានក្តីមេត្តាសម្លាប់ជាមិនខាន ប៉ុន្តែទីបំផុតត្រូវបានជួយសង្គ្រោះរួចផុតពីក្រញ៉ាំដៃក្រុមព្រានព្រៃ តែអកុសល សត្វទន្សោងនេះនោតែស្លាប់បាត់បង់ជីវិតគួរ ឱ្យសង្វេគបំផុត ដោយសារតែសុខភាពចុះខ្សោយខ្លាំង អត់ចំណីជាច្រើនថ្ងៃ និងឈឺស្នាមរបួសជាប់អន្ទាក់៕