ជនមានពិការភាព ២២នាក់ នៅ​ក្នុង​ខេត្តកំពង់​ឆ្នាំង ​ទទួល​បាន​​អំណោយ​ពីមូល​និ​ធិ​ជន​ពិការ​

  • កំពង់ឆ្នាំង៖ នៅថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ២០២០​នេះ សាខា​មូល​និធិ​ជន​ពិការ សហការ​ជាមួយ​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​ យុវនីតិ​​សម្បទា​​​ខេត្ត​​កំពង់​​​ឆ្នាំង បាន​នាំយកអំណោយ​​ចែក​ជូនដល់​ជន​មាន​ពិការ​ភាពចំនួន​២២នាក់ រស់​នៅ​ក្នុងខេត្តកំពង់​ឆ្នាំង ដែល​មាន​ប័ណ្ឌសម​ធម៌ ។​

    លោក សួស គឹមថុន ប្រធានសាខាមូលនិធិជ​នពិការខេត្តកំពង់ឆ្នាំង បានអោយដឹងថា សាខាមូល​និធិជនពិការ បានទទួល​​ហិប​សប្បុរស​ធម៌​មូល​និ​ធិ​ជន​ពិការ​មានចំនួន៣៥ហិប ដោយបានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ហើយ​បាន​យក​ទៅ​ដាក់​តាម​ទី​តាំង​​នានាក្នុង ក្រុងកំពង់ឆ្នាំង និង ស្រុករលាប្អៀរ ដែលបានដាក់តាវត្តអារាម ភោយនីយដ្ឋាន និង ទីកំសាន្តនានា ហើយក្នុងមួយឆ្នាំ​ៗ​ប្រមូល​បាន​សាច់​ប្រាក់​ប្រហែលជាង ៥លានរៀល ។ ហើយកន្លងមកសាខាមូលនិធិជនពិការខេត្តកំពង់ឆ្នាំង ក៏បានសហការជាមួយឯកជន រៀបចំការប្រគុំតន្ត្រី សប្បុ​​រស​ធម៌មូលនិធិជនពិការ ដើម្បីធ្វើការផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដល់ប្រជាពលរដ្ឋទាំង ៨ក្រុង ស្រុក ទូទាំ​ង​ខេត្ត​កំពង់​ឆ្នាំង​ផងដែរ ។

    ក្នុង​ឱកាសនោះ លោក យិន សាវ៉េន អភិបាលក្រុង​កំពង់ឆ្នាំង បានសម្តែងនូវការកោត​សរសើរ ចំពោះសាខា​មូលនិធិជនពិការ និងមន្ទីរសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែលតែងការយកចិត្តទុកដាក់ចំពោះជនពិការ ដែលជួបកាលំបាក ខ្វះខាត ដើម្បីអោយ​ពួក​គាត់​កាន់​តែមាន​ជីវភាព​ប្រសើរ​ឡើង ថែមទៀត និង ដើម្បីជួយសម្រួលដល់ការលំបាកដល់ក្រុមគ្រួសាររបស់គាត់បន្ថែមទៀតផងដែរ ។ តាមរយៈ មូលនិធិជន​ពិការ​បាន​លើក​កម្ពស់​ សុខមាលភាព និង សេចក្តីថ្លៃថ្នូរបស់ជនពិការ។

    លោកអភិបាលក្រុងកំពង់ឆ្នាំង ក៏បានជម្រុញអោយមូលនិធិជនពិការ បន្តសកម្មភាព របស់ខ្លួនលើការផ្តល់សេវាស្តាលទ្ធភាពពលកម្ម ដោយបាន​ការខិត​ខំ​ប្រឹងប្រែង អនុវត្តន៍នូវវិធានការណ៍ ជាច្រើននៅតាមមជ្ឈមណ្ឌល ស្តារលទ្ធភាពពលកម្ម ដោយថែរក្សាអនាម័យ ការប្រើប្រាស់ឧករណ៍ សុវត្ថិភាព និង ខិតបណ្ណអប់រំនានា សំដៅអោយជនពិការ ទទួលបាននូវសេវា ស្តាលទ្ធភាព ពលកម្ម ប្រកបដោយគុណភាព និង សុវត្ថិភាព ។

    ក្នុងដំណាក់កាលបច្ចុប្ប្ននេះជនពិការទាំងអស់ ត្រូវថែទាំសុខភាពអោយបានល្អ ពិសេសក្នុងដំណាក់កាលទទួលរងនូវផល​ប៉ះពាល់នៃជំងឺកូវីដ ១៩ ត្រូវ​យក​ចិត្តទុកដាក់អនុវត្តអោយបានម៉ឺងម៉ាត់ នូវវិធានការនានារបស់ក្រសួងសុខាភិបាល ដោយរក្សាគំលាតសង្គម និង ការរក្សាអនាម័យជាប់ជាប្រចាំ។

    អំណោយដែលបានចែកជូនដល់ជនមានពិការភាពនាពេលនោះមានអង្ករចំនួន ២៥គីឡូក្រាម, ត្រីខចំនួន២យួរ, ទឹកស៊ីអ៊ីវចំនួន១យួរ, ទឹកត្រីចំនួន១​យួរ, អំបិលចំនួន២កញ្ចប់, មីម៉ាម៉ាចំនួន១កេះ និងថវិកាចំនួន១០ម៉ឺនរៀល ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង