កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋភូមិត្រពាំងបួន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានស្ម័គ្រចិត្តចូលរួមដាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវកៅស៊ូនៅមុខផ្ទះរបស់ខ្លួន ដោយចំណាយថវិកាផ្ទាល់ៗខ្លួន ដើម្បីចូលរួមកែលម្អសោភ័ណភាពផ្ទះសម្បែង បង្កើតភាពទាក់ទាញថ្មី និងជួយអោយមានភាពប្រសើរឡើងនៃសុវត្ថិភាពនៅក្នុងភូមិ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាពេលយប់។
លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានថ្លែងអំណរគុណ និងសូមកោតសរសើរចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់បងប្អូនប្រជាពលរដ្ឋភូមិត្រពាំងបួន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលបានស្ម័គ្រ ចិត្តចូលរួមដាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវកៅស៊ូនៅមុខផ្ទះរៀងៗខ្លួនដោយចំណាយថវិកាផ្ទាល់ៗខ្លួន ក្រោមការដឹកនាំដោយ លោក បឿន សុខា មេភូមិត្រពាំងបួន រួមជាមួយលោកឣនុប្រធានភូមិ សមាជិកភូមិ និងប្រជាការពារក្នុងភូមិ ហើយលោកអភិបាលស្រុកបានសំណូមពរដល់ លោក បឿន សុខា មេភូមិ និងថ្នាក់ដឹកនាំភូមិត្រពាំងបួនទាំងឣស់ ត្រូវបន្តខិតខំបន្ថែមទៀតដើម្បីចូលរួមបម្រើប្រជាពលរដ្ឋក្នុងភូមិឲ្យបានល្អប្រសើរ និងសកម្មដោយត្រូវយកចិត្តដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ពិសេសប្រជាពល រដ្ឋដែលជួបការលំបាកនៅក្នុងមូលដ្ឋានដោយមិនមានការរើសឣើងឡើយ។
លោកឣភិបាលស្រុក ក៏បានសំណូមពរបន្ថែមទៀតដល់ឣាជ្ញាធរឃុំ និងភូមិផ្សេងទៀតនៅក្នុងស្រុកសាមគ្គីមានជ័យ ត្រូវសិក្សាស្វែងយល់រៀនសូត្រចំពោះបទពិសោធន៍នៃការដឹកនាំរបស់លោកមេភូមិត្រពាំងបួន ដើម្បីយកទៅច្នៃបង្កើតក្នុងការដឹកនាំអភិវឌ្ឍមូលដ្ឋានឃុំ និងភូមិរបស់ខ្លួនបន្ថែមទៀត។
លោកឣភិបាលស្រុក ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ជម្ងឺកូវីដ១៩ ដោយអនុវត្តនូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យឆ្លងដល់គ្រួសារនិងសហគមន៍របស់យើង ៕