ឯកឧត្តម ឆាយ ឫទ្ធិសែន នាំយកទេយ្យទាន និងបច្ច័យរបស់សម្តេចធិបតីនិងលោកជំទាវបណ្ឌិតចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តចំនួន៣ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

  • កំពង់ឆ្នាំង ៖ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃ៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវ រួមជាមួយឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តអរិយមគ្គារាម ហៅវត្តដំដែក ស្ថិតនៅក្នុងភូមិគោកណាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

    photo_2026-10-08_22-28-25.jpg

    អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌនាពេលនោះឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញធ្វើនមស្ការព្រះរតនត្រ័យ សមាទានសីល រម្លឹកដល់គុណព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងដារពិស្ដាររាប់បាត្រ ដើម្បីជាកិច្ចឧទ្ទិសមហាកុសលជូនចំពោះវិញ្ញាណក្ខន្ធញ្ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់ឋានបរមសុខ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហានដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី។

    photo_2026-10-08_22-28-28.jpg

    ក្នុងឱកាសប្រកបដោយសទ្ធាជ្រះថ្លានោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានប្រគេនទេយ្យវត្ថុ និងបច្ច័យដ៏ថ្លៃថ្លារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេនចំពោះព្រះចៅអធិការវត្តដែលនិមន្ដមកពីវត្តចំនួន ២ផ្សេងទៀត រួមមាន វត្តគង្គាររាម និងវត្តសន្តិវ័ន្ដ ដែលស្ថិតនៅក្នុងឃុំតាំងក្រសាំង ផងដែរ។

    photo_2026-10-08_22-28-31.jpg

    សូមជម្រាបថា ពិធីបុណ្យកាន់បិណ្យ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ និងមានរយៈពេលវែងជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីបុណ្យនេះ ត្រូវបានគេកំណត់យកតាមប្រតិទិនពុទ្ធសាសនា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ។ ដោយឡែក ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕
    អត្ថបទ និងរូបថត ៖ក្រសួងអភិវឌ្ឍន៍ជនបទ

    photo_2026-10-08_22-28-33.jpg
    photo_2026-10-08_22-28-36.jpg
    photo_2026-10-08_22-28-39.jpg
    photo_2026-10-08_22-28-44.jpg
    photo_2026-10-08_22-28-48.jpg
    photo_2026-10-08_22-28-50.jpg
    photo_2026-10-08_22-28-54.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង