សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត ​ចាត់​ទុក​មហា​សន្និ​បាត​លើក​ទី៧​ មិត្ត​កាយ​ឫទ្ធិ​នារី​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​ ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ ​សម្រាប់​សមា​គម​កាយ​ឫទ្ធិ​នារីកម្ពុជា​

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកថា ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងដ៏មានអត្ថន័យសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា។

    ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកមហាសន្និបាត មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៧ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមាគមកាយឫទ្ធិនារីកម្ពុជា ត្រូវបានផ្ដល់ទំនុកចិត្តឲ្យធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគម នៅក្រោមម្លប់ នៃសុខសន្តិភាព, ស្ថិរភាព និងឯកភាពជាតិ នៅកម្ពុជា ។

    មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំឡើង លើទឹកដី សៀមរាបអង្គរ ពីថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រព្រឹត្តទៅក្រោមប្រធានបទ «ស្រមៃមើលឱកាស៖ ផ្តល់អំណាចដល់កុមារី និងយុវតី (Imagine Possibilities)»។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងដ៏មានអត្ថន័យ សម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគម នៅក្រោមម្លប់នៃសុខសន្តិភាព​​, ស្ថិរភាព និងឯកភាពជាតិ នៅកម្ពុជា»។

    សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍បន្ដទៀតថា ការធ្វើជាម្ចាស់ផ្ទះនេះ ក៏ជាបទពិសោធន៍ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះមហាសន្និបាតពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦ របស់សមាគមកាយឫទ្ធិនារីពិភពលោកផងដែរ។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានចំណាយទាំងកម្លាំងកាយចិត្ត រៀបចំមហាសន្និបាតនេះឡើងយ៉ាងអធិកអធម និងសូមអរគុណ រដ្ឋបាលខេត្តសៀមរាប, កងកម្លាំងប្រដាប់អាវុធ, និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម សហការគ្នាយ៉ាងល្អក្នុងការរៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ និងសុវត្ថិភាព ធ្វើឱ្យមហាសន្និបាតលើកទី៧នេះ អាចប្រព្រឹត្តទៅដោយរលូន។

    បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់ ក៏ដូចជា ការចូលរួមជាមួយសមាគមកាយឫទ្ធិនារីពិភពលោក ក្នុងការអប់រំ និងបណ្ដុះបណ្តាលដល់កុមារី យុវតី និង ស្រ្តីវ័យក្មេង ឲ្យក្លាយជាអ្នកដឹកនាំដែលប្រកបដោយសមត្ថភាព និងទំនុកចិត្ត៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង