នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញធ្វើជាសហធិបតីនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជារីករាយ ដែលបានអញ្ជើញរួមគ្នាជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានាថ្ងៃនេះ និងដឹកជញ្ជូនក្នុងការបើកការដ្ឋានពង្រីក និងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ ទៅក្រុងកំពង់ចាមនាពេលនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ សម្តេចតេជោពិតជារីករាយចំពោះការក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន ដែលនាំឲ្យកម្ពុជាទទួលបាននូវប្រយោជន៍យ៉ាងច្រើន។

ជាមួយគ្នានេះ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏បានអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាមក៏ដូចជាអបអរសាទរចំពោះកម្ពុជាដែលទទួលបានសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាបន្តបន្ទាប់។
ឯកឧត្តម បានមានប្រសាសន៍ថា ចិននៅតែបន្តជួយដល់កម្ពុជាជាបន្តបន្ទាប់ទៀតទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងវិស័យផ្សេងៗជាច្រើនទៀតទៅតាមលទ្ធភាពដែលអាចជួយទៅបាន តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ហើយតាមរយៈសមិទ្ធផលកំណាត់ផ្លូវជាតិលេខ ៧នៅថ្ងៃនេះ នឹងរួមចំណែកធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរងាយស្រួល ព្រោះផ្លូវនេះត្រូវបានពង្រីកអោយធំទូលាយជាមុន។

តាមរបាយការណ៍ពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ មានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣.៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១.៥ម៉ែត្រ។
គម្រោងនេះ នឹងត្រូវប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕