ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្ស ខណ្ឌ សង្កាត់ ស្ថិតក្នុងខណ្ឌ៧មករា នារសៀលថ្ងៃទី៩ ខែកុម្ភៈនេះ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងជាអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ក្នុងខណ្ឌ៧មករាពង្រឹងការយកចិត្តទុកដាក់លើបញ្ហាសុខទុក្ខជនចាស់ជរា និងអ្នកក្រីក្រនៅតាមមូលដ្ឋាន ដោយមិនត្រូវទុកឱ្យពួកគាត់ស្លាប់ ដោយការអត់បាយឡើយ ដែលនេះ ជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។បន្ថែមពីនេះទៀត ត្រូវខិតខំបំរើប្រជាពលរដ្ឋឱ្យអស់ពីចិត្តថ្លើម លើការផ្តល់សេវាសាធារណៈ បន្តទប់ស្កាត់បញ្ហាចោរកម្មនិងក្មេងទំនើង ល្បែងស៉ីសង គ្រឿងញៀន និងបញ្ហាអសកម្មជាច្រើនទៀតនៅមូលដ្ឋាន ព្រោះមិនថាអ្នកមានឬអ្នកក្រទេ គឺគ្រប់គ្នាសុទ្ធតែត្រូវការសង្គមមួយដែលមានសន្តិសុខសណ្តាប់ និងការរស់នៅប្រកបដោយភាពសប្បាយរីករាយ។
ឯកឧត្ដម បន្តទៀតក្នុងនោះត្រូវយកចិត្តទុកដាក់លើការរៀបចំសណ្តាប់ធ្នាប់សារធារណៈគឺជាឧត្តមភាពសង្គម ហើយយជាបញ្ហាអាទិភាព ដើម្បីធ្វើឱ្យទីក្រុងសោភ័ណភាពស្រស់ស្អាតស៉ីវិល័យ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលរាជធានីបានណែនាំដល់រដ្ឋបាលខណ្ឌ និងសង្កាត់ មិនត្រូវបណ្តែតបណ្តោយឱ្យមូលដ្ឋានរបស់ខ្លួននៅតែមានការលក់ដូររំលោភលើចំណីផ្លូវសារណៈឡើយ ព្រោះធ្វើឱ្យបាត់បងសណ្តាប់ធ្នាប់ សោភ័ណភាព កកស្ទះចរាចរណ៍ ធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត។
ឯកឧត្ដមបានបញ្ជាក់ថា បើកន្លែងណានៅតែមានការលក់ដូរគ្មានសណ្តាប់ធ្នាប់នៅលើចិញ្ចើមផ្លូវ ត្រូវហៅពួកគាត់ទៅអប់រំឬធ្វើកិច្ចសន្យា ប៉ុន្តែបើនៅរឹងរូសត្រូវអនុវត្តវិធានការណ៍ច្បាប់កសាងសំណុំរឿងទៅកាន់តុលាការ។