កំពង់ឆ្នាំង ៖ កុមារាម្នាក់បានស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និងកុមារ៥នាក់ផ្សេងទៀត មានអាការ:ធ្ងន់និងស្រាល កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីពួកគេបាននាំគ្នាយកសត្វគីង្គក់ទៅដុតយកមកបរិភោគ ។ ហេតុការណ៍ ពុលសត្វគីង្គក់នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅភូមិរពាំងភ្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោក រ៉ន សុភ័ណ្ឌ អភិបាលរងស្រុកកំពង់ត្រឡាច បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី៤ ខែមីនា នេះថាក្មេងដែលស្លាប់ក្នុងករណីនេះឈ្មោះ ត្រុង វាសនា ភេទប្រុស អាយុ១ឆ្នាំ៨ខែ រស់នៅភូមិឃុំខាងលើ ។
លោក បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ មានក្មេងតូចធំចំនួន៦នាក់ បានយកសត្វគីង្គក់ មកដុតចែកគ្នាហូប ក្រោយពីហូបសត្វគីង្គក់ដែលដុតនេះរួចមក នៅវេលាម៉ោងជាង១២ក៍ស្រាប់តែមានអាការៈពុលក្អតចង្អោរ ពេលឪពុកម្តាយសួរនាំទើបបានដឹងថា ក្មេងទាំង៦នាក់នេះពុលដោយសារបានហូបសត្វគីង្គក់ ។
ក្រោយពីដឹងភ្លាម ក៏បានដឹកក្មេងរងគ្រោះទាំង៦នាក់នេះមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ដើម្បីជួយសង្រ្គោះ ។ ប៉ុន្តែក្មេងប្រុសឈ្មោះត្រុង វាសន ដោយសារមានអាការៈធ្ងន់ធ្ងរពេក ក៏បានស្លាប់នៅមន្ទីរពេទ្យតែម្តង ចំណែក្មេង៥នាក់ទៀតក្រុមគ្រូពេទ្យបានជួយសង្រ្គោះ និង កំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ។
នៅព្រឹកថ្ងៃទី៤ ខែមីនានេះ មន្ត្រីកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រាឡាច បានចូលរួមរំលែកទុក្ខ និង នាំយកអំណោយរបស់កាកបាទក្រហមទៅចែកជូនដល់ក្រុមគ្រួសារសពផងដែរ ៕