ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បានស្លាប់ពាក់កណ្តាលផ្លូវ នៅពេលដែលក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ និង ក្មេងប្រុសស្រី៣នាក់ទៀត បានរងរបួសស្រាល ខណៈនាំគ្នាតោងលេងទ្វាររបងដែក ហើយបណ្តាលរលំសង្កត់ពីលើ ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១៦និង៤៥នាទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញក្មេងប្រុសស្រីរងគ្រោះខាងលើបាននាំគ្នាលេងនៅក្បែររបង ហើយបានឡើង តោងលេងបណ្តាលឱ្យទ្វាររបងរលំសង្កត់ទាំង៤នាក់ រងរបួសធ្ងន់ម្នាក់ស្រាល៣នាក់ ប៉ុន្តែអកុសល្យក្មេងស្រីអាយុ៨ឆ្នាំ បានស្លាប់បាត់ បង់ជីវិតនៅតាមផ្លូវខណៈដែលក្រុមគ្រួសារបញ្ជួនទៅកាន់មន្ទីរពេទ្យ។

ប្រភពដែលបានបន្តទៀតថា ក្មេងស្រីដែលបានស្លាប់ក្នុងហេតុការណ៍រលំទ្វារបងសង្កត់លើនោះមានឈ្មោះឃិន ធីតា ភេទស្រី អាយុ ៨ ឆ្នាំ មុខរបរសិស្ស ឪពុកឈ្មោះឆាយ ចាន់លី អាយុ៣៩ឆ្នាំ មុខរបរលក់ពងមាន់ ម្ដាយឈ្មោះប្រាក់ ស៊ីនួន អាយុ៣៧ឆ្នាំ មុខរបររោងចក្រ រស់នៅភូមិ ព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង (ស្លាប់នៅពេលបញ្ជួនទៅមន្ទីពេទ្យ)។

រីឯក្មេងចំនួន៣ផ្សេងទៀតរួមមានទី១. ឈ្មោះចិត្រ សុខនីសា ភេទស្រី អាយុ៩ឆ្នាំ មុខរបរសិស្ស រងរបួសស្រាល, ទី២. ឈ្មោះចិត្រ ពិសិដ្ឋ ភេទប្រុស អាយុ២ឆ្នាំ រងរបួសស្រាល និងទី៣.ឈ្មោះ វីរះ ទេពី ភេទស្រី អាយុ៧ឆ្នាំ មុខរបរសិស្ស រងរបួសស្រាល។
សមត្ថកិច្ចបានបញ្ជាក់ថា អ្នកទាំង៤បាន ទៅលេងទ្វារបងផ្ទះឈ្មោះឡឹក ចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបរ រស់នៅភូមិឃុំជាមួយគ្នា ក៏បានរលំទ្វារបងសង្កត់តែម្ដង។ ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ។
បច្ចុប្បន្នសពក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅស្រុកស្វាយទាប៕