កំពង់ឆ្នាំង ៖ ព្រឹត្តិការណ៍ប្រកួតកីឡាសិស្ស បឋមសិក្សា និង មធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២០–២០២១ ត្រូវបានប្រារព្ធពិធីបើកជាផ្លូវការនៅរសៀល ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កីឡាករ កីឡាការនីយ៉ាងច្រើនកុះករផងដែរ ។

លោកស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ ឆ្នាំងបានឲ្យដឹងថា ការប្រកួតកីឡាជើងឯកសិស្សនាឆ្នាំនេះចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ មានកីឡាករ កីឡាការនីចួលរួមប្រកួតចំនួន១៥៩២នាក់ ប្រកួតលើវិញ្ញា សារបាល់ទាត់បាល់ទះ បាល់បោះ អត្តពលកម្ម និង បេតង់ ។

ការប្រកួតកីឡាសិស្សបឋមនិងមធ្យមសិក្សានាពេលនេះ គឺដើម្បីជ្រើសជើងឯងថ្នាក់ខេត្ត ឆ្នាំ២០២០–២០២១ សម្រាប់យកទៅចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១នាពេលខាងមុខ ។


មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ការប្រកួតនេះ ធ្វើក្នុងគោលបំណងគឺ បំផុសការចូលរួមសកម្មភាពអប់រំកាយ និង កីឡាកីឡានៅក្នុងគ្រឹះស្ថានសិក្សា និង ជួយឲ្យសិស្សមានសុខមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម និងលើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ។ ជាពិសេសដើម្បីត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តមបន្ថែមថា ការហ្វឹកហាត់អប់រំកាយ និង កីឡា គឺជាសកម្មភាពមិនអាចខ្វះបានក្នុងកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងធនធានមនុស្ស ។ កីឡាបានរួមចំណែក បំបាត់អំពើហឹង្សា និង ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ។ លើកស្ទួយសន្តិភាព ស្ថិរភាពសង្គម បច្ចុប្បន្នប្រទេសនៅលើសាកលលោក បានចាត់ទុកថា វិស័យកីឡាជាឧស្សាហ៍កម្មដ៍មានសក្តានុពល ក្នុងវិស័យសេដ្ឋកិច្ចដែលផ្តោតសំខាន់គឺសុខមាលភាព និង មិត្តភាព ។

ឯកឧត្តមបានផ្តាំផ្ញើដល់កីឡាករ កីឡាការនីទាំងអស់ ត្រូវយកចិត្តទុកដាក់ និង ប្រឹងប្រែងឲ្យអស់សមត្ថភាព គោរពនូវវិន័យ លក្ខ័ន្ធនៃការប្រកួត ដើម្បីទទួលបានជោគជ័យ សម្រាប់ឈានទៅប្រកួតនៅថ្នាក់ជាតិបន្តទៀត ៕
