អគ្គិភ័យបានឆាបឆេះរោងចក្រផលិតកេសស្នោមួយកន្លែង កាលល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ថា រោងចក្រដែលត្រូវភ្លើងឆេះនេះ មានទទឹងប្រវែង ៥៤ម៉ែត្រ និង បណ្តោយប្រវែង៧០ម៉ែត្រ សាងសងពីដែក និងស័ង្កសី ដំបូលប្រកស័ង្កសី ជញ្ជាំងឥដ្ឋ បាតក្រោមចាក់សាបស៊ីម៉ងតិ៍ ជាកម្មសិទ្ធិរបស់រោងចក្រស័ង ហ័ន។
កម្លាំងរបស់អធិការដ្ឋាននគរបាល ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខេត្តកំពត បានរួមគ្នាបាញ់ទឹកពន្លត់ ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន០៧គ្រឿង ក្នុងនោះមកពីខេត្តព្រះសីហនុ ចំនួន០៣គ្រឿង និងខេត្តកំពត០៤គ្រឿង ប្រើទឹកអស់ចំនួន២៨រថយន្ត។
ប្រភពខាងលើបានឲ្យដឹងបន្ថែមទៀតថា សម្ភារខូចខាតនៅក្នុងរោងចក្ររួមមាន មាស៉ីនផលិតកេសស្នោរ ចំនួន០៣គ្រឿង កេសស្នោរផលិតហើយមួយចំនួនធំ, ដុំស្គុតមួយចំនួនធំ, ទូរទឹកកក ចំនួន០៣គ្រឿង, កុំព្យូទ័រ ចំនួន០៣គ្រឿង, ម៉ាស៉ីនត្រជាក់ ០៦គ្រឿង ខោអាវកម្មករ លិខិតឆ្លងដែនជនជាតិចិន០២រូប, លុយកាកមួយចំនួន និងឡរដុតអុសចំនួន០១។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់សង្គមនេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ៕











