ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ជាង​១ម៉ឺន​គ្រួសារ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ទទួល​អំណោយ​ជាស្បៀងអាហារ​និងស្រូវពូជ

  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះ សំណាលសាកសួរសុខទុក្ខ និងចុះចែកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១១,០០០គ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានរងគ្រោះធម្មជាតិដោយទឹកជំនន់​ជន់លិច​ផ្ទះ​សំបែង​ប្រជាពលរដ្ឋ ដោយឡែកនៅទិសពាយព្យ នៃប្រទេសកម្ពុជា មានខេត្តមួយចំនួនបានរងគ្រោះដោយ​ទឹកជំនន់យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​នោះ ខេត្តបន្ទាយមានជ័យ គឺបានរងផលប៉ះពាល់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ ព្រមទាំងដំណាំកសិកម្ម អស់ជាច្រើនផងដែរ។ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា នេះគឺជាការខិតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានណែនាំឱ្យចុះសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនដល់ប្រជាពលរដ្ឋដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅខេត្តបន្ទាយ​មានជ័យ ចំនួនជាង១ម៉ឺនគ្រួសារ។គួរបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនប្រជា​ពលរដ្ឋនៅស្រុកមង្គលបូរី នេះ គឺក្នុង១​គ្រួសារ ត្រូវទទួល​រួមមាន ស្រូវពូជសែនក្រអូប​១០០​គីឡូក្រាម ស្បៀងអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងថវិកា៥ម៉ឺនរៀល។ ដោយឡែកកាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឧត្តម​សេនី​យ៍​​ឯក ហ៊ុន ម៉ាណែត ក៏តំណាងសម្ដេចតេជោ ហ៊ុន សែន ក៏បាននាំយកពូជស្រូវទៅចែកជូនប្រជាពលរដ្ឋជិត​២ម៉ឺនគ្រួសារ នៅខេ​ត្តពោធិ៍សាត់ផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង