រាជធានី ខេត្តទាំង២៥ ជួប​ពិភាក្សាគ្នាលើ​បញ្ហាអនាម័យ​ពន្លឿន​លទ្ធផលO​DF ១០០ភាគរយ​ នៅ​ត្រឹមឆ្នាំ​២០​២៥

  • ព្រះសីហនុ – នាព្រឹកថ្ងៃទី០៦ ខែមេសានេះ ថ្នាក់ដឹកនាំក្រោមជាតិលើវិស័យទឹកស្អាតនិងអនាម័យមកពី ២៥រាជធានី-ខេត្ត និងតួ​អង្គ​ពាក់ព័ន្ធ​​​​ទាំង​​​អស់បានប្រជុំពិភាក្សាពី​វឌ្ឍនភាពស្ថានភាពការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កម្ពុជា នៅ​សណ្ឋា​គារឆ្នេរ​សុខាអូតែល ខេត្តព្រះសីហនុ។

    កិច្ចពិភាក្សាពីស្ថានភាពការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលកម្ពុជានេះ រៀបចំឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីវឌ្ឍន​ភាពនិង​ស្ថានភាព ការងារបញ្ឈប់​ការបន្ទោបង់ពាសវាលពាសកាលនៅសហគមន៍នៃ​​រាជធានី និងខេត្តនីមួយៗ ស្របតាមការ​កំណត់​យុទ្ធសាស្រ្តក្នុងផែនការស​ក​ម្ម​ភាពជាតិ (NAP2) និងការតាំងចិត្តរបស់រាជធានីខេត្ត ដើម្បី​ពន្លឿនលទ្ធផលសម្រេចបាន ODF ១០០​ភាគរយ​​ នៅសហគមន៍។

    ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសា​​សន៍​ថា ឆ្នាំ២០២២នេះ ដោយមានកិច្ចសហការគាំទ្រពីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា អង្គការវ័តធ័រអេដ ក្រសួងអភិវឌ្ឍន៍ជន​បទ​បានរៀប​​ចំកិច្ចប្រជុំកំពូលថ្នាក់ក្រោមជាតិ ដើម្បីពន្លឿនលទ្ធ​ផល​ការងារ​បញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលនៅកម្ពុជា ។

    ស្របគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ មានប្រសាសន៍បញ្ជាក់ថា ការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងសេវាអនាម័យ ជា​អាទិ​ភា​​ពមួ​យក្នុ​ងចំណោមអា​ទិ​ភា​ព​សម្រាប់ការអភិវឌ្ឍន៍ជនបទ ជាពិសេសយកចិត្តទុកដាក់ក្នុងការប្រមូលផ្តុំធនធាន ព្រមទាំង​សក្តានុពលគ្រប់យ៉ាង ដើម្បីឈានទៅសម្រេចឱ្យបាននូវទស្សនៈវិស័យ និងគោលដៅអភិវឌ្ឍន៍ប្រកប​ដោយ​ចីរ​ភាពកម្ពុជាទី៦ ។ ទន្ទឹម​​គ្នានេះ កម្ពុជាបានកំណត់ឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបដែលរស់នៅតំបន់ជនបទ មាន​សេវាទឹ​កស្អាតប្រើប្រាស់ និងមាន​សេវាអនាម័យល្អបញ្ឈប់បន្ទោបង់ពាសពាលពាសកាល ។

    “វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី គឺជាសក្ខីភាព​​នៃការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យ​ទឹកស្អាតនិង​​អនា​ម័យ​​​​​ជនបទ​​ដែលជា​​ការងារដ៏មានសារសំខាន់បំផុតក្នុងការចូលរួមលើកកម្ពស់គុណភាព​និងគុណតម្លៃនៃការរស់​​នៅរបស់​ប្រជាជន​ជន​បទ តាមរយៈការរួមគ្នាជំរុញការ​អនុវត្តយុទ្ធសាស្រ្តនិងគោលនយោបាយអភិវឌ្ឍន៍ជនបទ របស់រាជរដ្ឋាភិបាល​​ក្នុង​គោលដៅធ្វើឱ្យមានការវិវត្តជាវិជ្ជមាននូវស្ថានភាពសេដ្ឋកិច្ច-សង្គម នៅតំបន់ជនបទកម្ពុជា”។ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។

    ទន្ទឹមគ្នានេះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថាកិច្ចប្រជុំកំពូលថ្នាក់ក្រោមជាតិដើម្បីពន្លឿន​ការបញ្ឈប់ការ​​បន្ទោបង់ពាសវាលពាលកាលនៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ស្ថានភាពអនាម័យទូទាំងប្រទេស​ឱ្យកាន់តែ​ប្រសើរ ។ ត្បិតខេត្តព្រះសីហនុទាំងមូល​ពុំទាន់ទទួលលទ្ធ​ផលការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលទាំងស្រុង​ស្រប​តាម​គោ​លដៅ ប៉ុន្តែរដ្ឋបាលខេត្តនឹងបន្តសកម្មភាពការងារនេះជាបន្តបន្ទាប់។

    ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ៖ “ខ្ញុំអាចនិយាយបានថា អនាម័យខេត្តព្រះសីហនុទាំងមូល​មិនទាន់ដល់កំពូលកម្រិត១០០% ប៉ុន្តែបើនិយាយពីស្ថានភាពអនាម័យនៅក្នុងក្រុងព្រះសីហនុ និងតំបន់​ឆ្នេរសមុទ្រវិញ ខេត្ត​​សី​ហ​​នុ​​បានរៀបចំយ៉ាងល្អដើម្បីបម្រើដល់តម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ខេត្តនឹងបន្តធ្វើការងារ​លើក​កម្ពស់​ការងារ​ទឹក​ស្អាត និ​ង​អនាម័យនៅតាមសហគមន៍ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល”។

    សូមជម្រាបថា កិច្ចប្រជុំប្រធានក្រុមការងារ​បច្ចេកទេសថ្នាក់ខេត្ត ការផ្គត់ផ្គង់​ទឹក ការសម្អាត និង​អនាម័យ​ជនបទ រៀបចំឡើងនៅ​ខេត្តព្រះ​សីហនុនៅពេលនេះ រំពឹងថា រាជធានីខេត្តទាំងអស់​នឹងពន្លឿនសកម្មភាព​បញ្ឈប់ការបន្ទោបង់ពាស​វាលពាលកាលឱ្យបាន​ខ្ពស់ សិក្សាពីបញ្ហាប្រឈមនានា និង​ឯកភាពលើការកំណត់​ឡើងវិញនូវគោលដៅ ODF ឆ្នាំ២០២៣ សម្រាប់ក្របខ័ណ្ឌរាជធានី ខេត្ត និងក្របខ័ណ្ឌជាតិ។

    គួររំលឹកថា ផ្អែកតាមផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនៅជនបទ ២០១៩-២០២៣ (NA​P​2)​ បានដាក់ចេញគោលដៅយុទ្ធសាស្រ្តសម្រេចឱ្យ​បានស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅកម្រិត​​សហ​​គមន៍ឱ្យ​បានច្រើនតាមដែលអាចទៅធ្វើបាន ដើម្បីឈានទៅសម្រេចបាន ODF ក្នុងក្របខ័ណ្ឌរាជធានី ខេត្តនីមួយៗ ។  ការ​បញ្ឈប់​ការបន្ទោបង់ពាសវាសពាសកាលនៅសហគមន៍ ជាពិសេសនៅតាមតំបន់ជនបទ គឺជាសូចនាករមួយដ៏សំខាន់មួយបង្ហាញ​ពី​ការ​​ផ្លា​ស់​​ប្តូរឥរិយាបថវិជ្ជមានរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការប្រតិបត្តិអ​នាម័យល្អ ដែលជាកា​ររួមចំណែកលើកកម្ពស់​សុខភាព​សា​ធារ​ណៈ​ និងជាជំហានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦.២ របស់កម្ពុជា ។

    ដើម្បីឆ្លើយតបគោលដៅអភិវឌ្ឈន៍ប្រកបដោយចីរភាពទី៦.២ ក៏ដូចគោលដៅជាយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP 2019-2023) របស់​​រាជរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យនៃវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជន​បទ ។ តាមរយៈផែនការសកម្មភាព​ជាតិ​លើក​ទី​២ (NAP2)​ នេះ ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញគោលដៅដល់ឆ្នាំ ២០២៣ ត្រូវសម្រេចឱ្យបាន ODF ៣ខេត្តក្នុង​ចំ​ណោម ២៥​​រាជធានីនិងខេត្ត, ODF ៣០ស្រុកក្នុងចំណោម ១៦២ស្រុក, ៦០០ ODFឃុំ ក្នុងចំណោម ១.៤០៥ឃុំ​សង្កាត់ និង ODF ១២​.៧​០​​០​​​ភូមិក្នុងចំណោម ១៤.៣៨៣ភូមិ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង