កំពង់ឆ្នាំង៖ អភិបាលក្រុងកំពង់ឆ្នាំង លោក យិន សាវ៉េន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្សារឆ្នាំង ត្រូវចូលរួមថែរក្សាសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ឬនៅមុខគេហដ្ឋានរបស់ខ្លួនមិនត្រូវដាក់លក់របស់របរ និងតសំយ៉ាបលយចូលមកចិញ្ចើមផ្លូវនោះទេ។ ការអំពាវនាវនេះបានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក ឡុង សាងៀម ប្រធានក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពី អាជ្ញាធរសង្កាត់ និងតំណាងប្រជាពលរដ្ឋសង្កាត់ផ្សារឆ្នាំងសរុប៦៣នាក់ នៅវត្តយាយទេព នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។
ជាមួយគ្នានោះ លោកអភិបាលក្រុង ក៏បានណែនាំ ដល់ប្រជាពលរដ្ឋត្រូវចូលថែរក្សាអនាម័យ បរិស្ថាននៅតាមមាត់ទន្លេ ដោយត្រូវទុកដាក់និងវេចខ្ចប់សំរាមអោយបានត្រឹមត្រូវ ដើម្បីសោភ័ណភាពតាមដងផ្លូវក្នុងក្រុង និងមាត់ទន្លេ ។
គួររំលឹកថា ដើម្បីតាមដានការអនុវត្តអោយមានប្រសិទ្ធភាព ផែនការសកម្មភាព និង ភាពរីកចំរើន របស់រដ្ឋបាលក្រុងកំពង់ឆ្នាំង ក៏ដូចជាចង់ ដឹងពីបញ្ហាទុក្ខកង្វល់ របស់ប្រជាពលរដ្ឋក្នុងក្រុង ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំងបានរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នេះក្នុង១ឆ្នាំម្តងជារៀងរាល់ឆ្នាំ ។ នៅក្នុងពីធីនេះបានផ្តោតជាសំខាន់ លើបញ្ហា ប្រឈមនានា ដែលកំពុងកើតមានឡើងក្នុងភូមិ នីមួយៗក្នុងសង្កាត់ផ្សារឆ្នាំង ដើម្បីដោះស្រាយ ។ប្រសិនបើការដោះការស្រាយនោះមិនទាន់បានបញ្ចប់គឺត្រូវបន្តអោយថ្នាក់ខេត្តដោះស្រាយហេតុនេះ លោកសូមអោយ អាជ្ញាធរដែនដី លើកពីបញ្ហាដែលកើតមានឡើង ក្នុងភូមិ សង្កាត់របស់ខ្លួនមបញ្ជាក់ ក្នុងវេទិកានេះ ដើម្បីអោយមន្ត្រីជំនាញពាក់ពន្ធ័ និងលោកអភិបាលក្រុងជួយដោះស្រាយ៕