សម្តេច​ធិប​តី​៖ រវាង​បេតិ​កភណ្ឌ ​និង​ប្រជា​ពល​រដ្ឋ​គឺ​យើង​ជ្រើស​យក​ទាំង​ពីរ​

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «មានគេសួរថាបេតិកភណ្ឌពិភពលោក និងប្រជាពលរដ្ឋ តើមួយណាសំខាន់? ខ្ញុំបានបញ្ជាក់ថាត្រូវជ្រើសរើសយកទាំងពីរ ទាំងការអភិរក្ស និងទាំងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដោយយើងមិនអាចទុកមួយណាចោលទេ»។

    សម្តេច មានប្រសាសន៍ដូច្នេះ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីអញ្ជើញសំណេះ សំណាលជាមួយប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង នៅឃុំធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា៖ «បើនិយាយនៅទីនេះកំពុងអភិវឌ្ឍន៍ថ្មី និងតំបន់ពាក់ស្នែងដែលកំពុងអភិវឌ្ឍន៍គឺជានិមិត្តរូបនៃការអភិវឌ្ឍដើម្បីអភិរក្ស»។ សម្ដេចធិបតីគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលរួមគ្នាអភិវឌ្ឍន៍ជាតិជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងសម័យបច្ចុប្បន្ន និងទៅអនាគតប៉ុន្តែក៏មិនអាចភ្លេចបានឡើយនូវបុព្វហេតុក្នុងការអភិរក្សនូវកេរដំណែលរបស់ដូនតា។

    សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនអាចជ្រើសរើសជម្រើសណាមួយហើយបោះចោលជម្រើសណាមួយឡើយ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបានគិតទាំងការអភិវឌ្ឍ និងទាំងការអភិរក្សដែលត្រូវដើរទន្ទឹមគ្នាជានិច្ច។

    សម្តេចធិបតីមានប្រសាសន៍ថា ប្រាសាទអង្គរគឺជានិមិត្តរូបជាតិយើងដែលក្លាយទៅជាសម្បត្តិវប្បធម៌មនុស្សលោកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយត្រូវបានដកចេញប្រសិនជាយើងមិនអាចធានាបាននូវលក្ខខណ្ឌរបស់UNESCO។

    សម្តេចធិបតី បានបន្តថា ពិតណាស់យើងមិនអាចជប់ឲ្យចេញនៅក្នុងរយៈពេលមួយឆ្នាំបានទេ។ ក៏ប៉ុន្តែសម្តេចអាចបញ្ជាក់បានថាប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិនៅទីនេះត្រូវតែទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ហើយយើងនឹងខិតខំធ្វើឲ្យតំបន់នេះក្លាយទៅជាទីក្រុងរុនតាឯក។

    ក្នុងឱកាសនោះ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើទីលំនៅមកនៅក្នុងតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក និងពាក់ស្នែងនាពេលនេះ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង