កំពង់ឆ្នាំង ៖មន្ត្រីជំជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បានរកឃើញជំងឺផ្តាសាយបក្សី លើសត្វមាន់ឈឺ និងងាប់ នៅក្នុងភូមិឡទឹកត្រី ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ដែលករណីនេះមិនមានឆ្លងលើមនុស្សឡើយ ។

លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានឲ្យដឹងថាកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីជំនាញបានទទួលព័ត៌មានពីករណីមានសត្វមាន់ស្លាប់ចំនួន៨ក្បាល និងឈឺចំនួន៤ក្បាលនៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ នៅពេលនោះមន្ត្រីជំនាញ៤នាក់ បាន
បានចុះទៅពិនិត្យស្ថានភាពជំងឺ និងបានយកវត្ថុវិភាគសត្វមាន់ងាប់ ចំនួន២ក្បាលផ្ញើទៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីពិនិត្យរកមេរោគជំងឺឆ្លងបក្សី ។

នៅក្នុងថ្ងៃដដែលនោះ មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល បានធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ នៅកន្លែងដែលមានសត្វមាន់ឈឺ និងងាប់ផហដែរ ។
លោក ក្រឹង សំអាត បានឲ្យដឹងទៀតថា នៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៥ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានទទួលលទ្ធផលពី អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វថា មានវិជ្ជមានជំងឺផ្តាសាយបក្សី ។ លោកបញ្ជាក់ថា ទីកន្លែងដែលរកឃើញមានជំងឺផ្តាសាយបក្សីនោះមិនមានសត្វមាន់ច្រើនទេ ប្រជាពលរដ្ឋចិញ្ចឹមតិចតួច ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ។ហើយនៅថ្ងៃទី៥ មិនានេះ មន្ត្រីជំនាញចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិនូវវិធានការ ការពារ និងអនុវត្តទៅតាមវិធានការជំនាញ ផ្សេងៗទៀត ដើម្បីកុំឲ្យមានការឆ្លងរាលដាលទៅកន្លែងផ្សេង៕
