រយៈពេលពេញមួយឆ្នាំ២០១៩ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានធ្វើសកម្មភាពដឹកជញ្ជូនអ្នកដំណើរបានចំនួនជាង៨លាននាក់ ក្នុងនោះអ្នកជិះបង់ប្រាក់មានចំនួនជាង ២លាន៧សែន នាក់ និងអ្នកជិះឥតបង់ប្រាក់ចំនួនជាង៥លាន៤សែននាក់ ។
លោក អ៊ាន សុឃីម ប្រធានរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានឲ្យដឹងថា បច្ចុប្បន្នដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ បានធ្វើដំណើរទៅតាមជម្រើសគោលដៅ ប្រកបដោយសុវត្ថិភាព និងកាត់បន្ថយកកស្ទះចរាចរណ៍រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង បានពង្រីកសេវាដឹកជញ្ជូនកើនដល់ចំនួន១៣ខ្សែ ដោយប្រើប្រាស់រថយន្តក្រុងសរុប ចំនួន២៣៥គ្រឿង ។
លោក បានបន្តថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក៏បានរៀបចំប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការ និងប្រព័ន្ធ APPលើទូរស័ព្ទដៃ តាមដានទីតាំងចលនាបម្លាស់ទីរបស់រថយន្តក្រុង ក្នុងប្រព័ន្ធទាំងនេះ ដើម្បីបង្កលក្ខណៈងាយស្រួលទាំងអ្នកគ្រប់គ្រងប្រតិបត្តិការ អ្នកបើកបរ និងអ្នកប្រើប្រាស់សេវា។ ពោលគឺ អាចបញ្ចៀសកុំឲ្យរថយន្តក្រុងពីរ ឬច្រើនគ្រឿងមកដល់ក្នុងពេលតែមួយ ហើយអ្នកប្រើប្រាស់សេវាវិញ អាចដឹងជាមុន អំពីពេលវេលាដែលរថយន្តក្រុងនឹងមកដល់ ដោយពុំចាំបាច់ចំណាយពេលវេលារង់ចាំយូរនៅតាមចំណតរថយន្តក្រុងនោះទៀតឡើយ។
សូមជម្រាបថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានដាក់ឲ្យដំណើរការ សេវាដឹកជញ្ជូនសាធារណៈ ជូនប្រជាពលរដ្ឋ បានចំនួន១៣ខ្សែ ប្រើប្រាស់រថយន្ត ២៣៥គ្រឿង និងមានអ្នកជិះរថយន្តក្រុងពី២ម៉ឺនទៅ៣ម៉ឺននាក់ក្នុងមួយថ្ងៃ។ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក៏បានបំពាក់នូវម៉ាស៊ីនទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកដោយប្រើប្រាស់កាត របស់ធនាគារ នៅលើរថយន្តក្រុងទាំងអស់ផងដែរ៕