កំពង់ឆ្នាំង ៖នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទក្ខប្រជាពលរដ្ឋ ភៀសសឹក ចំនួន៣០៦គ្រួសារ មកពីតាមបណ្តាខេត្តជាប់ព្រំដែន និងបាននាំយកអំណោយជាស្បៀង និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ចែកជូនផងដែរ ។

ពិធីសំណេះសំណាលនេះ រៀបចំធ្វើ នៅវត្តតាសុត ក្នុងឃុំក្រាំលាវ ស្រុករលាប្អៀរ ដោយមានការនិមន្តចូលរួមពីព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតី វត្តចន្ទប្បជោតនារាម ហៅវត្តតាសុត ។

នៅក្នុងឳកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ត្រូវស្តាប់ការណែនាំរបស់អាជ្ញាធរ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែងតែគិតពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ពេលវេលា ។

ឯកឧត្តម បណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ក្នុងការឆ្លើយតបអន្តរាគមន៍ បានទាន់ពេលវេលា និងមានការទទួលខុសត្រូវខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋ ក្នុងពេលវេលាដែលជាតិ និងប្រជាជនប្រឈមដោយសង្គ្រាមឈ្លានពានពីយោធាថៃ ៕











