គិតមកទល់បច្ចុប្បន្ននេះ គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រលំហាច ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សម្រេចលទ្ធផលការងារប្រមាណ ៦៨,៩៦ភាគរយហើយនៃទំហំការងារសរុប ។ នេះបើតាមការអោយដឹងពីក្រសួងធនធានទឹក និងឧតុនិយម។គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប បានដឹកនាំក្រុមការងារត្រួតពិនិត្យរួមលើការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រលំហាចនេះ។
សមាសភាពដែលបានចូលរួមមានដូចជា ឯកឧត្តម ប៉ែន ធីរុង្គ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Kotaro Tanaka អនុប្រធាន JICA ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង តំណាងក្រុមហ៊ុនសាងសង់អន្តរជាតិ មន្ត្រីអង្គភាពគ្រប់គ្រងគម្រោង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ៕

