កំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣៤ខ្នង នៅឃុំចំនួន២ក្នុងស្រុកសាមគ្គីមានជ័យ រងការខូចខាតដោយសារខ្យល់កន្រ្តាក់ ។

មន្ត្រីអាជ្ញាធរស្រុកសាមគ្គីមានជ័យបានឱ្យដឹងថា គ្រោះធម្មជាតិខ្យល់កន្រ្តាក់នេះបានកើតឡើងនៅវេលាល្ងាចថ្ងៃទី៦ ខែមិថុនា
ឆ្នាំ២០២១ ដោយបោកបក់មកចំភូមិចំនួន៦ ស្ថិតក្នុងឃុំស្វាយ និង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ។

ក្នុងនោះឃុំស្វាយប៉ះពាល់ចំនួន៣ភូមិ រលំផ្ទះទាំងស្រុងអស់៣ខ្នង, របើកដំបូល និងជញ្ជាំងអស់២៥ខ្នង ។ ដោយឡែកឃុំធ្លកវៀនប៉ះពាល់ចំនួន៣ភូមិបណ្តាលឱ្យរលំផ្ទះទាំងស្រុងអស់១ខ្នង និង របើកដំបូលអស់ចំនួន៥ខ្នង ។

មន្ត្រីអាជ្ញាធរបានបញ្ជាក់ទៀតថា គ្រោះធម្មជាតិនេះ មិនបង្ករគ្រោះថ្នាក់ដល់មនុស្ស ឬសត្វនោះឡើយ ហើយនៅពេលនេះអាជ្ញាធរកំពុងចុះជួយដល់ប្រជាពលរដ្ឋ និង ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិនេះ ៕