កំពង់ឆ្នាំង៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងករណីប្រើប្រាស់ហិង្សា ដោយបានយកកាំបិតតាំងតោកាប់ និងដំបង វ៉ៃទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួស នៅចំនុចក្រោយរោងចក្រ អឹម វ៉េ ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។
ជនសង្ស័យចំនួន០៤នាក់មាន៖១-ឈ្មោះ សៅ សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរដាក់ភាសុីម៉ូតូ។២-ឈ្មោះ រិទ្ធ ថារ៉ូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង មុខរបរជាសិស្ស។៣-ឈ្មោះ វង្ស សារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរដាក់ភាសុីម៉ូតូ។៤-ឈ្មោះ យ៉ង់ ធានី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរជាងជួសជុលម៉ូតូ។
កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអោយដឹងទៀតថា ជនសង្ស័យទាំង៤នាក់ បានធ្វើសកម្មភាពយកកាំបិតតាំងតោកាប់ និងយកដំបងវ៉ៃទៅ លើ ជនរងគ្រោះឈ្មោះ ប្រឹម ចាន់វាសនា ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យរងរបួសជាទម្ងន់ ត្រង់ក្បាលផ្នែកខាងក្រោយ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ព្យាបាលរបួស។
ជនសង្ស័យ ត្រូវបានការិយាល័យជំនាញធ្វើការឃាត់ខ្លួន កសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យកា អមសាលាដំបូងខេត្តកំពង់ឆ្នាំង។













