កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងឲ្យដឹងថា គិតមកដល់នឹងពេលនេះរដ្ឋបាលខេត្ត បានអនុវត្តការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋបានចំនួន ៣២៨ ៨១៨ ក្បាលដីហើយ ស្មើនឹង៥០ភាគរយ នៃចំនួនប៉ាន់ស្មានសរុប ។

ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងបែបនេះ នៅក្នុងពិធីប្រគល់វិបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន ៩២៣គ្រួសារ ស្មើនឹង២ ៨២៦បណ្ណ នៅភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ឲ្យដឹងថា រដ្ឋបាលខេត្ត បានបង្កើតក្រុមការងារចុះបញ្ជីដីធ្លីចំនួន ៥ក្រុមបន្ថែមទៀត ដើម្បីជួយពន្លឿន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រួចរាល់ ស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ។

ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានគិតគូរ ពីសុខទុក្ខនិងផលប្រយោជន៍ របស់ប្រជាពលរដ្ឋជាធំ ។ ហើយការចែកជូនបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទ្កដាក់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ ៕











