កំពង់ឆ្នាំង ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានណែនាំឲ្យមន្ត្រីសមត្ថកិច្ចនិងអាជ្ញាធរ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការជម្រុញ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព រក្សាបាននូវសន្តិសុខ សណ្តាប់សាធារណៈ និងសុវត្តិភាពសង្គមឲ្យបានល្អប្រសើរ នៅគ្រប់មូលដ្ឋាន ។
ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ណែនាំ ដល់មន្ត្រីសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅការងារសម្រាប់អនុវត្តនៅក្នុងឆ្នាំថ្មី កាលពីរសៀលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ។
ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីមន្ត្រីយកទៅអនុវត្ត ដែលក្នុងនោះត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ គ្រឿងញៀន ល្បែងស៊ីសង ព្រមទាំងជម្រុញការដោះស្រាយជម្លោះដីធ្លី និងទំនាស់ក្រៅប្រព័ន្ធតុលាការ និងពន្លឿនការងារកាត់ឆ្វៀលដីតំបន់៣ជូនប្រជាពលរដ្ឋ ឲ្យបានរួចរាល់តាមផែនការ ៕