ផ្ទៃ​ដី​ស្រូវ​វស្សា​២៦១០​​ហិកតា​ នៅ​ក្នុង​ស្រុក​៥​រ​បស់​ខេត្ត​កំពង់ឆ្នាំង​ រងការ​ខូច​ខាត​ដោយ​សារ​ទឹក​ទន្លេ​ ឡើង​ធំ​

  • កំពង់ឆ្នាំង ៖ ដោយសារទឹកទន្លេ នៅឆ្នាំនេះឡើងធំបណ្តាលឲ្យដំណាំស្រូវវស្សារបស់ប្រជាកសិករចំនួន ២ ៦១០ ហិកតា នៅក្នុង​ស្រុក​ចំនួន៥ រងផលប៉ះពាល់និងខូចខាត ។ នេះបើតាមការបញ្ជាក់ របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និង នេសាទ ខេត្តកំពង់ឆ្នាំង នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ អំពីផលប៉ះពាល់ នៃគ្រោះមហន្តរាយ ដែលបង្ករឡើង ដោយជំនន់ទឹកភ្លៀង និង ទឹកទន្លេឡើងធំ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ។

    លោក ងិន ហ៊ុន បានឲ្យដឹងថា សម្រាប់ខេត្តកំពង់ឆ្នាំង មិនមានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងឡើយ ប៉ុន្តែមាន​ផ្ទៃដីស្រូវ​​វស្សាចំនួន២ ៦១០ហិកតា នៅក្នុងស្រុកចំនួន៥ គឺស្រុកជលគិរី ស្រុកកំពង់លែង ស្រុកបរិបូរ៍ ស្រុករលាប្អៀរ និង ស្រុកកំពង់ត្រឡាច បានរងការខូចខាត ដោយសារទឺកទន្លេឡើងធំ ។ ហើយប្រជាពលរដ្ឋដែលរងផលប៉ះពាល់មានចំនួន ៣ ៤៦០គ្រួសារ ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និង នេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងទៀតថា ផ្ទៃដីស្រែវស្សាដែលរងការ​ខូចនេះអាចស្តាឡើងវិញបាន ពីព្រោះនៅពេលទឹកទន្លេស្រកទៅវិញ ប្រជាកសិករអាចធ្វើស្រូវប្រដេញទឹក ឬស្រូវបង្កើនរដូវបាន ដែល​នៅពេលនេះក្រសួងកសិកម្ម និង អាជ្ញាធរខេត្ត បានត្រៀមពូជស្រូវសម្រាប់ចែកជូនដល់ពួកគាត់ផងដែរ ។

    នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានធ្វើការណែនាំបន្ថែមទៀតទៅកាន់មន្ត្រីពាក់ព័ន្ធ និង មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការចុះជួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ឲ្យបានទាន់ពេលវេលា ។ ជាមួយគ្នានេះត្រូវតាដាន និង ចុះស្រង់ព័ត៌មានឲ្យបានច្បាស់លាល់ អំពីការខ្វះខាតនិង តម្រូវការ របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ ដើម្បីរួមគ្នាធ្វើការដោះស្រាយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង