លោ​ក ធឿង​ ស៊ីម ពីជា​​ង​ទូក​​នេសាទ ក្លាយ​​ជា​​​ជាង​​​​ទូក​​ប្រ​ណាំង​​ដ៏​​ល្បី​​​ល្បាញ​មួយរូប​ ក្នុង​​ខេត្តកំ​ព​ង់​​ឆ្នាំ​ង

  • កំពង់ឆ្នាំង៖ លោក ធឿង ស៊ីម ជាជាងទូកដ៏ល្បីល្បាញមួយរូបក្នុងចំណោមជាងទូកដទៃផ្សេងទៀតនៅក្នុងខេត្តកំពង់ឆ្នាំង ។ លោកបានសាងកេរ្តិ៍​ឈ្មោះ​ល្បីល្បាញមកដល់បច្ចុប្បន្ន តាមរយៈការធ្វើទូកចែវ ដែលមានឈ្មោះ ព្រះ​ទីនាំង​សារាយ​អណ្តែត​ចង្ហាន់​ហុយ នៅក្នុ​ង​ឆ្នាំ២០០៧។

    លោក ធឿង ស៊ីម កើតនៅឆ្នាំ១៩៤៩ នៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកកំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ដែលកាលនោះឃុំកោះថ្កូវស្ថិតក្រោមរដ្ឋបាលគ្រប់គ្រង់របស់ស្រុកកំពង់ត្រឡាច មុនកាត់ចូលមកក្នុងស្រុកជលគិរី នាពេលបច្ចុប្បន្ន។ លោកមានភរិយា និងកូន៨នាក់ ។ លោក ធឿង ស៊ីម បានទទួលមរណភាពនៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១២។ដំបូងឡើយ លោក ធឿង ស៊ីម ជាជាងទូកនេសាទធម្មតា ក្រោយមកនៅអំឡុងឆ្នាំ១៩៩៨ គណៈកម្មការវត្តកោះថ្កូវ ក៏បានហៅរូបលោកឲ្យទៅជួសជុលទូកប្រណាំងដែលមានឈ្មោះ​ពេជ្ររស្មីសិរីសោភ័ណ្ឌ ។ គ្រានោះរូបលោក ធឿង ស៊ីម បានសំណូមពរឲ្យ​គណៈកម្មការ​ទិញឈើមកបន្ថែម ដើម្បីធ្វើទូកថ្មីមួយគ្រឿងទៀតឲ្យបានចំនួន២ទូក។ ទូកថ្មីនោះ ត្រូវបាន​ដាក់ឈ្មោះថា ពេជ្ររស្មីសិរីសោភា។ដោយមើលឃើញថាល្បឿន សិរីសោភា សមប្រកប និងបានទទួលចំណាត់ថ្នាក់ក្នុង ផែនលេខ​១ផ្នែកទូកចែវ​ថ្នាក់ជាតិ ទើបនៅឆ្នាំ២០០៣ អ្នកភូមិកោះលតនិងបត់ត្រង់ ក៏បានរៃអង្គាស់ថវិកា​គ្នា​ឲ្យរូបលោក ធ្វើទូកមួយគ្រឿងនៅវត្តទួលវិហារក្នុង ដែលមានឈ្មោះ សន្ទុះរាជសីហ៍​បារមីចង្ហាន់ហុយ ។

    កេរ្តិ៍ឈ្មោះរបស់ លោក ធឿង ស៊ីម ត្រូវបានរីកសុះសាយល្បីល្បាញជាបន្តបន្ទាប់ រហូតដល់​អ្នកស្រុកបរិបូណ៌ បានអញ្ជើញរូបលោកទៅធ្វើទូកថ្មីមួយគ្រឿងនៅឆ្នាំ២០០៧ ដែល​​​មាន​​ឈ្មោះ ព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយ។ ទូកនេះហើយ ដែលធ្វើអោយក្នុងពិភពអ្នកលេង​ទូកចែវក្នុងខេត្តកំពង់ឆ្នាំង កាន់តែស្គាល់រូបកាន់តែច្បាស់។

    ទូកដែលជាងស៊ីម បានធ្វើរួមមាន សិរីសោភា នៅអំឡុងឆ្នាំ១៩៩៨ សន្ទុះរាជសីហ៍បារមី​មានរិទ្ធិនៅឆ្នាំ២០០០ សន្ទុះរាជសីហ៍បារមីចង្ហាន់ហុយឆ្នាំ២០០៣ អធិរាជសែនជ័យ​បារមី​កោះពេជ្រ នៅឆ្នាំ២០០៦ ម៉ារីមសែនជ័យបារមីចំប៉ីស្រះចក នៅឆ្នាំ២០០៦ ព្រះទីនាំង​សារាយ​អណ្តែតចង្ហាន់ហុយនៅឆ្នាំ២០០៧ កសិកម្មសែនជ័យបារមីចំប៉ាស្រះចក នៅឆ្នាំ២០១០ និងធ្លាប់ជួសជុលកែទូកក្នុងខេត្តកំពង់ឆ្នាំងមួយចំនួនទៀតផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង