គណៈកម្មការគ្រប់គ្រប់ទូកង “ភិរិន្ទសែនជ័យរស្មីគជ្រុំ” ស្ថិតនៅក្នុងភូមិគជ្រុំ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានប្រកាសអំពាវនាវដល់សប្បុរសជនទាំងក្នុងខេត្តនិងក្រៅខេត្តជួយជា ថវិកាសម្រាប់សាងសង់ទូកងថ្មី ខណៈបច្ចុប្បន្នទូកដែលមានអាយុកាល២៣ឆ្នាំមកហើយ បានចាស់ទ្រុឌទ្រោម និងពុកផុយប្រើប្រាស់លែងកើត។

លោក ឃុន ប៊ុនធួន ប្រធានកីឡាករចំណុះទូក បានឲ្យដឹងថា ដោយសារតែទូកមានសភាពចាស់ទ្រុឌទ្រោមនិងពុកផុយ គណៈកម្មការគ្រប់គ្រងទូក ភិរិន្ទសែនជ័យរស្មីគជ្រុំ បានមូលមតិគ្នាទិញឈើគគីរចំនួន២ដើម ពីខេត្តកំពង់ធំ សម្រាប់ធ្វើទូកងថ្មី ដែលមានប្រវែងបណ្តោយ ២៩.៥០ម៉ែត្រ ទទឹងប្រវែង១,៥០ម៉ែត្រ និងមានចំណុះ៤៤នាក់។
លោក ឃុន ប៊ុនធួន បានបន្តថា បច្ចុប្បន្នគណៈកម្មការនៅខ្វះខាតថវិកាប្រមាណ ៣ពាន់ដុល្លារទៀត ដើម្បីទិញឈើយកមកធ្វើទូក បង្ហើយ ដើម្បីទៅចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូកថ្នាក់ខេត្តនាខែវិច្ឆិកាខាងមុខនេះ។ ដូចនេះទើបគណៈកម្មការ ស្នើសុំសប្បុរសជនជួយឧបត្ថម្ភតាមកម្លាំងសទ្ធាជ្រះថ្លា ដោយអាចទំនាក់ទំនង លោក ឃុន ប៊ុនធួន ប្រធានកីឡាករចំណុះទូក តាមលេខទូរស័ព្ទ ០៩៦ ៦២ ៧៩ ០៩៥។












