កំពង់ឆ្នាំង ៖ ក្រុមបាល់ទាត់យុវជនសិស្សវិទ្យាល័យ មកពីស្រុកកំពង់លែង ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះ ក្រុមបាល់ទាត់យុវជនសិស្សវិទ្យាល័យ មកពីស្រុកកំពង់ត្រឡាច ដោយគ្រាប់បាល់ប៉េណាំងទីកាត់សេចក្តី ៣ ទល់នឹង២ បន្ទាប់ពីប្រកួតស្មើ ក្នុងលទ្ធផល ១ទល់នឹង១ ក្នុងរយៈពេល៩០នាទីពេញ។

ការប្រកួតទាំង២វគ្គ គឺក្រុមទាំង២ បានប្រឹងប្រែងដាក់សម្ពាធលើគ្នាទៅវិញទៅមក រហូតមានឱកាសបំប៉ោងសំណាញ់ទីគ្នាម្នាក់ម្តង និងបញ្ចប់រយៈពេល៩០នាទី បានត្រឹមតែលទ្ធផលស្មើគ្នា ១ទល់នឹង១ ។ជាមួយគ្នានេះ អាជ្ញាកណ្តាល ក៏បានសម្រេចកាត់សេចក្តីដោយគ្រាប់បាល់ប៉េណាំងទី ដោយលទ្ធផលគឺស្រុកកំពង់លែង យកឈ្នះស្រុកកំពង់ត្រឡាច ៣ទល់នឹង២។
គួរបញ្ជាក់ថា មុនឡើងមកជួបគ្នាដណ្តើមយកជយលាភីលេខ៣នេះ ស្រុកកំពង់លែង បានប្រកួតចាញ់ ស្រុកសាមគ្គីមានជ័យ ១ទល់នឹង០ រីឯស្រុកកំពង់ត្រឡាច ប្រកួតចាញ់ស្រុកទឹកផុស ១ទល់នឹង០ ដូចគ្នា។
សម្រាប់ថ្ងៃស្អែក ថ្ងៃទី២០ ខែកុម្ភៈ ស្រុកទឹកផុស នឹងត្រូវជួបប្រកួតជាមួយ ស្រុកសាមគ្គីមានជ័យ ដើម្បីដណ្តើមយកជើងឯកសិស្សមធ្យមសិក្សា ឆ្នាំ២០២៣៕



