កំពង់ឆ្នាំង ៖ កូនឈើចម្រុះជាង ២ ០០០ដើម ត្រូវបានមន្ត្រីជំនាញជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទខេត្តកំពង់ឆ្នាំង និងមន្ត្រីអាជ្ញាធរ ស្រុកបរិបូរណ៍ យកទៅដាំនៅលើផ្ទៃដីចំនួន៥ហិកតា ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នេះ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាល កំពង់ឆ្នាំង បានឲ្យដឹងថា កូនឈើទាំងនេះ ជាប្រភេទកូនឈើព្រៃលិចទឹក ដូចជាកូនរាំង និងកូនម្តេញ ជាង២ ០០០ដើម និងត្រូវដាំលើផ្ទៃដី ចំនួន៥ហិកតា ដែលផ្ទៃដីនេះត្រូវបានដកហូតពីជនខិលខូចលួចកាប់ទន្ទ្រាន រុករាន បម្រុងយកធ្វើជាកម្មសិទ្ធិ កាលពីពេលកន្លងទៅ ។

លោក នាយខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង បញ្ជាក់ថា ការដាំកូនឈើព្រៃលិចទឹកឡើងវិញនេះ ដើម្បីស្តារផ្ទៃដីដែលរងការកាប់បំផ្លាញ ឲ្យវាដុះលូតលាស់សម្រាប់ជាជម្រកត្រីពង កូន និងរកចំណីនៅរដូវវស្សា ។

លោក លី ឡា បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ នៅតំបន់នោះត្រូវចូលរួមថែរក្សា ការពារព្រៃលិចទឹក ឲ្យបានគង់វង្សសម្រាប់ជាជម្រកមច្ឆជាតិ និងមិនត្រូវនេសាទត្រីដោយប្រើឧបករណនេសាទ ដែលច្បាប់ហាមឃាត់ជាដាច់ខាត ៕