កំពង់ឆ្នាំង ៖លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាស្ថានភាពជំងឺគ្រុនចាញ់ ត្រូវបានកត់សម្គាល់ថាមានការថយចុះ ។លោកប្រធានមន្ទីរ បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ត្រីមាសទី២ ឆ្នាំ២០២៣។

លោក វេជ្ជបណ្ឌិតប្រាក់ វ៉ុន បានឲ្យដឹងថា យោងតាមទិន្នន័យសុខាភិបាល គិតត្រឹមត្រីមាសទី២នៃឆ្នាំនេះ ស្ថានភាពជំងឺគ្រុនចាញ់ មានតែចំនួន១១ករណីប៉ុណ្ណោះ ។ ចំនួននេះមានការថយចុះច្រើន បើប្រៀបធៀបទៅនឹងរយះពេលដូចគ្នា កាលពីឆ្នាំ២០២២ គឺមានចំនួន៨១ករណី ។

លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា កន្លងទៅនេះក្រុមការងារមន្ទីរសុខាភិបាលខេត្ត បានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាន ចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ និងបានចែកមុងជ្រលក់ថ្នាំ ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ប្រឈមនឹងជំងឺគ្រុនចាញ់ផងដែរ ។

លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានកោតសរសើរចំពោះក្រុមការងារ ដែលបានខិតខំយ៉ាងសកម្ម ចូលរួមផ្សព្វផ្សាយលុបបំបាត់ជំងឺគ្រុនចាញ់ ដែលធ្វើឱ្យអត្រាកើតជំងឺគ្រុនចាញ់មានការធ្លាក់ចុះ បើធៀបនឹងឆ្នាំ ២០២២ កន្លងទៅ។

ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្តក៏បានជម្រុញបន្ថែមទៀត ដល់ក្រុមការងារត្រូវបន្តចុះអប់រំ ផ្សព្វផ្សាយពីជំងឺគ្រុនចាញ់ ដើម្បីប្រជាពលរដ្ឋបានយល់ដឹង និងប្រុងប្រយ័ត្ន ពិសេសបើទៅកន្លែង ឬតំបន់ដែលសង្ស័យថា មានជំងឺគ្រុនចាញ់ ត្រូវឲ្យគាត់ដេកនៅក្នុងមុងជ្រលក់ថ្នាំជានិច្ច។ បើមានអាការៈសង្ស័យថា មានជំងឺគ្រុនចាញ់ត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលនៅជិត ដើម្បីធ្វើតេស្តរកជំងឺគ្រុនចាញ់ និងព្យាបាលឱ្យយបានទាន់ពេលវេលា៕











