កំពង់ឆ្នាំង៖ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ប្រមាណជាង២០ម៉ឺននាក់ បានមកលេងកម្សាន្តក្នុងពិធី ប្រណាំងទូក ង តាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំដូច នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង រយៈពេលពីរថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅថ្ងៃអាទិត្យ ទី០៤ ខែធ្នូនេះ។
លោក សេង សាលី បានបន្តថា ទីតាំងសំខាន់ៗដែលមានភ្លៀវទេសចរណ៍មកលេងកម្សាន្តច្រើន រួមមាន កន្លែងតាំងពិព័រណ៍មុខសាលាខេត្ត ទីតាំងប្រណាំងទូកងនៅផ្សារក្រោម សួនសម្តេចចៅ ហ្វាវាំងគង់សំអុល តំបន់ត្រជាត់ ទីតាំងពិព័រណ៍សួនដើមពោធិ៍និង តន្រ្តីយក្យវិមានឯករាជ្យ ជាដើម។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៏ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យ ស្នងការដា្ឋននគរបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ដែរថា សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងខេត្តកំពង់ឆ្នាំង រយៈពេល២ថ្ងៃពិធីប្រណាំងទូកនេះ គឺមានភាពល្អប្រសើរ ធានាបានសន្តិសុខ សុវត្ថិភាពល្អ មិនមានហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ។
លោកឧត្តមសេនីយ៏ត្រី បានបន្ថែមថា តាមការចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង គឺកងកម្លាំងរបស់ស្នងការដ្ឋានគរបាលខេត្ត បានអនុវត្តន៍បទបញ្ជា យ៉ាងម៉ឹងម៉ាត់ហ្មត់ចត់ ដើម្បីចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមគោលដៅសំខាន់ៗ ។
គួរបញ្ជាក់ថា ពិធីប្រណាំងទូក ង តាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំដូច នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានប្រារព្ធឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។ ព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្ត បានរៀបចំស្តង់ពិព័រណ៍លក់ផលិតផល ការប្រគុំតន្ត្រី បណ្តែតប្រទីប និងបាញ់កាំជ្រួច ការប្រណាំងកង់ ការរត់ម៉ារ៉ាតុង និង ប្រដាល់គុនខ្មែរ ជាដើម ៕










