ថ្នាក់​ដឹក​នាំ​ក្រុម​ប្រឹក្សា​ភិ​បាល​ស៊ី​ម៉ាក់​ អញ្ជើញ​មក​ធ្វើ​ទស្សន​កិច្ច ​នៅ​វិទ្យា​ស្ថាន​បច្ចេក​ទេស​ សកម្មភាព​មីន​ និង​មណ្ឌល​សុនខ​ ក្នុង​ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ប្រតិភូក្រុមប្រឹក្សាភិបាលស៊ីម៉ាក់ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខឹម សោភ័ណ្ឌ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញមកធ្វើទស្សនកិច្ច នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន និងមណ្ឌលសុនខ ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ឆ្នាំង។

    ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាលស៊ីម៉ាក់នាពេលនេះ ដើម្បីស្វែងយល់បន្ថែម ពីសកម្មភាពក្នុងវិស័យមីន និងវឌ្ឍនភាពការងាររៀបចំសាងសង់អគាហ្វឹកហ្វឺនរបស់វិទ្យាស្ថាន មណ្ឌលសុនខ និងអង្គភាពពិសេសកាត់បន្សាបគ្រាប់ផងដែរ ។

    ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃមជ្ឈ មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ននេះវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនរបស់អង្គភាពស៊ីម៉ាក់ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់ ការហ្វឹកហ្វឺនជំនាញបច្ចេកទេស និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ ក្នុងវិស័យសកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសបណ្ដាប្រទេសដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ។

    សកម្មភាពហ្វឹកហ្វឺននេះ ក៏បានជួយពង្រឹងសមត្ថភាពមន្ត្រីជំនាញ ឲ្យបំពេញកិច្ចប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងន័យចូលរួមចំណែកក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិអូតាវ៉ា និងផែនការយុទ្ធសាស្ត្រជាតិ របស់រាជរដ្ឋាភិបាលឆ្នាំ ២០២៥កម្ពុជាអស់ការគំរាមកំហែងដោយសារគ្រាប់មីន ក៏ដូចជាឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្របន្តរបស់អង្គភាពស៊ីម៉ាក់ក្រោយឆ្នាំ ២០២៥ ផងដែរ ។

    ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខឹម សោភ័ណ្ឌ បានកោតសរសើរចំពោះមន្រ្តីរបស់វិទ្យាស្ថាន ដែលមានសមត្ថភាព ឆន្ទៈ និងជំនាញបច្ចេកទេសខ្ពស់ប្រកបដោយវិជ្ជាជីវៈ លើផ្នែកបណ្តុះបណ្តាលជំនាញវិស័យសកម្មភាពមីន ការហ្វឹកហ្វឺនសុនខហិតមីន ក ក៏ដូចជាជំនាញកាត់បន្សាបគ្រាប់ ហើយបានវាយតម្លៃខ្ពស់ចំពោះហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិទ្យាស្ថានរួមមានការបំពាក់សម្ភារ:ឧបទេស បរិក្ខាហ្វឹកហ្វឺនជាដើម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង