កំពង់ឆ្នាំង ៖ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា អាជ្ញាធរខេត្តមានគម្រោងបង្កើតភូមិទេសចរណ៍ និងរៀបចំអភិវឌ្ឍន៍តំបន់ទេសចរណ៍ នៅក្នុងស្រុកទឹកផុស ឲ្យកាន់តែមានភាពទាក់ទាញ ដើម្បីបម្រើដល់វិស័យទេសចរណ៍របស់ខេត្ត។
ឯកឧត្តម បានថ្លែងបង្ហើបពីគម្រោងបង្កើតភូមិទេសចរណ៍នេះ បានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែងជិត៤គីឡូម៉ែត្រនៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងថា នៅក្នុងស្រុកទឹកផុស មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែងដូចជា តំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះក្ទម្ព ឃុំជៀប តំបន់ទេសចរណ៍ទឹកធ្លាក់អន្លង់ស្វាយ ស្ថិតនៅក្នុងភូមិដូងស្លា ឃុំក្បាលទឹក និងតំបន់ទេសចរណ៍ ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិស្រែអំពិល ឃុំក្តុលសែនជ័យ ។ តំបន់ទេសចរណ៍ទាំង៣តាំងនេះ បានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកលេងកម្សាន្ត ខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកលេងកំសាន្តកាន់តែច្រើនថែមទៀត រដ្ឋបាលខេត្ត ក៏មានគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូឆ្ពោះទៅកាន់តំបន់ទេសចរណ៍ទាំងនេះផងដែរ ។
គួរបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង មានតំបន់សក្តានុពលទេសចរណ៍ចំនួន២៤កន្លែង ក្នុងនោះរមណីយដ្ឋានទេសចរណ៍ធម្មជាតិមាន១៤កន្លែង និងរមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមាន១០កន្លែង៕











