អភិបាល​ខេត្ត​កំពង់​ឆ្នាំង​៖ រយះ​១៩​ថ្ងៃ​នៃ​យុទ្ធ​នា​ កា​រឃោស​នា​បោះ​ឆ្នោត​ ​មិន​មាន​បញ្ហា​អ្វី​កើត​​ឡើង​ឡើយ​

កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា រយះពេល១៩ថ្ងៃ ស្ថានភាព នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត បានប្រព្រឹត្តទៅក្នុងភាពរលូន ដោយមិនមានបញ្ហាអ្វីកើតឡើងនោះឡើយ ។

ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរ អភិបាលក្រុង ស្រុក និងកងកម្លាំងទាំង៣ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ទៀតថា នៅថ្ងៃទី២១ កក្កដា ដែលជាថ្ងៃចុងក្រោយ នៃយុទ្ធនាការបោះឆ្នោត គណបក្សនយោបាយខ្លះអាចនឹងធ្វើពិធីដង្ហែរក្បួនឃោសនា ដូចនេះកងកម្លាំងទាំង៣ ត្រូវបង្កើនកិច្ចសហការគ្នាឲ្យបានល្អ ក្នុងការការពារជូនគណបក្សនយោបាយ ដែលបានធ្វើសកម្មភាពឃោសនា ដោយប្រកាន់ខ្ជាប់នូវគោលជំហ ជាកងកម្លាំងរបស់ជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនគណបក្សនយោបាយដោយស្មើភាព ។

តាបប្រភពពីមន្ត្រីគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី២១ កក្កដា គណបក្សប្រជាជនកម្ពុជា នឹងធ្វើការដង្ហែរក្បួនឃោសនា ទ្រង់ទ្រាយធំ ដែលមានអ្នកចូលរួមចំនួនរាប់ម៉ឺននាក់ ។

សូមបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង មាន៨ក្រុង ស្រុក៧១ ឃុំ សង្កាត់ មានការិយាល័យបោះឆ្នោតចំនួន ៨១៨ ការិយាល័យ និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៣៥៩ ៦៩៨ នាក់ ។ ចំពោះគណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧​នេះ នៅខេត្តកំពង់ឆ្នាំង មាន១៤គណបក្ស ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង