កំពង់ឆ្នាំង ៖ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារកងទ័ពជួរមុខ និងប្រជាពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ នៅក្នុងស្រុកកំពង់លែង ។

អញ្ជើញចូលរួមពិធីសំណេះសំណាលនេះដែរមាន ឯកឧត្ដម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពអាកាស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង ឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំង មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីពាក់ព័ន្ធ ។

ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុនបានផ្ដាំផ្ញើដល់អាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ និងបន្តយកចិត្តទុកដាក់ជាមួយគ្រួសារកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខ។ ចំពោះបងប្អូនពលករ នៅខេត្តកំពង់ឆ្នាំងកំពុងមានតម្រូវការកម្លាំងពលកម្មជិត ៥ពាន់កន្លែងទៀត ដែលអាជ្ញាធរ និងមន្ទីរការងារ កំពុងបន្តសម្របសម្រួលជូនបងប្អូនពលករបានចូលធ្វើការងារ។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់បងប្អូនពលករ និងគ្រួសារកងទ័ពជួរមុខផងដែរ៕











