កំពង់ឆ្នាំង ៖លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ឲ្យបានល្អប្រសើរនៅគ្រប់មូលដ្ឋាន ។

លោក ជំទាវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំ ដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ត្រីមាសទី១ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១០ ខែឧសភា នេះ ។

លោក ជំទាវ ជូ ប៊ុនអេង បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីយកទៅអនុវត្ត ដែលក្នុងនោះត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស នេសាទ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសផ្សេងៗទៀតឲ្យមានប្រសិទ្ធភាព ។

ជាមួយគ្នានេះលោក ជំទាវ រដ្ឋលេខាធិការ បានជម្រុញឲ្យមន្ត្រីអាជ្ញាធរ ត្រូវសហការជាមួយសមត្ថកិច្ចដែលពាក់ព័ន្ធ បន្តចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅគ្រប់មូលដ្ឋាន និងត្រូវយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈចាំបាច់ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ៕


