ឯក​ឧត្តម ​បណ្ឌិត​សភា​ចារ្យ ​អ៊ុក​ រ៉ា​ប៊ុន​ អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​​និង​មាន​ឈ្មោះ​ក្នុង​បញ្ជីបោះ​ឆ្នោត​ ត្រូវ​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​​

កំពង់ឆ្នាំង ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងអំពាវនាវ ឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់គ្រប់គ្នា ដើម្បីបន្តគាំទ្រ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់និតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុម ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ។

ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងអំពាវនាវ បែបនេះ នៅពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ( DBST )១ខ្សែ ប្រវែងជាង២០ នៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងបញ្ជាក់ទៀតថា ផ្លូវ១ខ្សែនេះជាចំណងដៃថ្មីមួយទៀត របស់សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមសមិទ្ធផលជាច្រើន នៅក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំង ។ ឯកឧត្តម បានរម្លឹកពីសមិទ្ឋិផលធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលសម្រេចបានក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ជាពិសេសផ្តើមចេញពីសមិទ្ឋផលជ័យជម្នះ៧មករា ១៩៧៩ និងតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវការបង្រួបបង្រួមជាតិផ្សះផ្សារជាតិ និងបាននាំមកនូវសុខសន្តិភាពពេញលេញ រស់នៅក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

សូមបញ្ជាក់ថា ផ្លូវ១ខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ ៥ ត្រង់ចំណុច ភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ដល់ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានប្រវែងជាង២០គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីជាន់ DBST មានទទឹងប្រវែង៨ ម៉ែត្រ និងសំណង់សិល្បការ្យរួមមាន លូមូលកាត់ទទឹងផ្លូវចំនួន៤២ កន្លែង និងលូមូលកាត់ផ្លូវបំបែកចំនួន ១៣ កន្លែង បំពាក់ស្លាកសញ្ញាសុវត្ថិភាព តាមបណ្តោយខ្សែផ្លូវរួមមាន ស្លាកសញ្ញាចរាចរណ៍ចំនួន ៦៧ កន្លែង គំនូសតាមអ័ក្សផ្លូវ និងមានគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ចំនួន៦ កន្លែងផងដែរ ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង