កំពង់ឆ្នាំង ៖ប្រជាពុទ្ធិបរិស័ទ្ទទូទាំងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកកាន់ទីវត្តអារាមនានា នៅគ្រប់ទីកន្លែង ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ តាមទំនៀមទម្លាប់ប្រពៃណីនៃព្រះពុទ្ធសាសនា ។ ដើម្បីចូលរួមជាមួយប្រជាពុទ្ធរិស័ទ្ទ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំងឯកឧត្តម លោកជំទាវ ជសមាជិកសមាជិការ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ នៅថ្ងៃអាទិត្យ ២រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេណទី២ នៅវត្តអារញ្ញការាម ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

នៅក្នុងឳកាសនោះ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងអ្នកចូលរួម បានអញ្ជើញធ្វើពិធីរាប់បាត បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ ញាត្តិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ និងដួងវិញ្ញាណក្ខ័ន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិទទួលយក មគ្គផល ដែលបានឧទ្ទិសជូនតាមរយះព្រះសង្ឃ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌនេះ សូមឲ្យអំណាច នៃអានិសង្ឃជួយទ្រទ្រង់វិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់សុគតិភព កុំបីខានឡើយ ។

សូមបញ្ជាក់ថា បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរយើងជាយូរមកហើយ ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ៕
