កំពង់ឆ្នាំង ៖លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យគ្រប់គ្រឹះស្ថានសិក្សា ត្រូវសម្រេចឲ្យបាននូវទិសដៅកំណែទម្រង់ និងគោលនយោបាយ របស់ក្រសួងអប់រំ យុវជននិងកីឡា ។

លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងអំពាវនាវបែបនេះ នៅក្នុងពិធីសម្តែងសមត្ថភាព ប្រគល់វិញ្ញាបនបត្រ បណ្ណសរសើរ និងចែករង្វាន់ ប្រចាំឆ្នាំសិក្សា ២០២២,២០២៣របស់សាលារៀនបញ្ញាវន្តអង្គរ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។

លោក ឈឹម វុទ្ធា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោល នយោបាយអាទិភាពសំខាន់ៗជាច្រើនជូនក្រសួងអប់រំ យុវជន និងកីឡា ក្នុងចំណោមនោះគឺ ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងការបណ្តុះបណ្តាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ តាមរយៈការពង្រឹងអភិបាលកិច្ច នៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ការពង្រឹងគុណភាព នៃការបណ្តុះបណ្តាលគ្រប់កម្រិតសិក្សា ការបង្កើន គុណភាព និងការចូលរៀនមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM) និងការពង្រឹងការអប់រំកាយ និងកីឡាផងដែរ ។

លោក ឈឹម វុទ្ធា អភិបាលរង ខេត្តកំពង់ឆ្នាំងបានថ្លែងបញ្ជាក់ទៀតថា ដើម្បីសម្រេចបាននូវទិសដៅកំណែទម្រង់ និងគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា និង ឆ្លើយតបនឹងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងមានតុល្យភាពរវាង វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិកាស្នេហាជាតិ ព្រមទាំងបង្កើន ឱកាសទទួលបាន ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា គ្រឹះស្ថានសិក្សាគ្រប់កម្រិតថ្នាក់ គួរបន្តបង្កើនប្រសិទ្ធភាព អភិបាលកិច្ច បន្តបង្កើនប្រសិទ្ធភាពនៃការបណ្តុះបណ្តាលសមត្ថភាពបុគ្គលិកសិក្សា បន្តពង្រឹងយ៉ាងសកម្ម នូវការចូលរួមរបស់ មាតាបិតាសិស្ស និងបណ្តុះឥរិយាបថសិក្សាបែបឯករាជ្យរបស់សិស្ស ៕











