អភិ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ក្រើន​រំលឹក​មន្ត្រី​មូល​ដ្ឋាន​ឲ្យ​បន្ត​បង្ក្រាប​ល្បែង​ស៊ី​សង​ឲ្យ​មាន​ប្រសិទ្ធ​ភាព​

  • កំពង់ឆ្នាំង ៖ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានក្រើនរំលឹក ដល់អភិបាលក្រុងស្រុកទាំង៨នៅទូទាំងខេត្ត ឲ្យបន្តបង្ក្រាបល្បែងស៊ីសង និងបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាព ។ ការក្រើនរំលឹករបស់ឯកឧត្តម ដូចនេះ បានធ្វើឡើង នៅក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការរបស់លោក ឈួន ចាន់ណា ជាអភិបាលស្រុកសាមគ្គីមានជ័យ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ។

    ឯកឧត្តម អភិបាលខេត្ត បានបន្តថា អភិបាលក្រុង ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព ដែលក្នុងនោះត្រូវលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន។ ពីព្រោះល្បែងស៊ីសង មិនបានចំណេញដល់សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញបាននាំឲ្យប្រជាពលរដ្ឋដែលងុបនឹងល្បែងត្រូវលក់គោ លក់ក្របី ផ្ទះសំបែង ខាតពេលវេលារកស៊ី ធ្វើឲ្យបែកបាក់គ្រួសារនិងប៉ៈពាល់ដល់អនាគតកូនចៅ ដោយសារតែការចាញ់ល្បែងនេះ ។

    ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំ ដល់គណៈអភិបាល និង ក្រុមប្រឹក្សាស្រុក ត្រូវតែរួបរួមសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានល្អ ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវលើគ្រប់វិស័យ ជាពិសេសការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរឡើង។

    គួរបញ្ជាក់ថា លោក ឈួន ចាន់ណា ជាអភិបាលរងស្រុកសាមគ្គីមានជ័យ ត្រូវបានរាជរដ្ឋាភិបាលសម្រេចតែងតាំង ជាអភិបាលស្រុក ជំនួសលោក វន ស៊ីថា ដែលត្រូវបានតែងតាំង ជាអភិបាលស្រុកកំពង់ត្រឡាច ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង