កំពង់ឆ្នាំង៖ គិតត្រឹមថ្ងៃទី៤ ខែសីហា នេះ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងចំនួនប្រមាណជាង១៦ម៉ឺននាក់បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ.១៩ ដែលស្មើនឹង៤៥,៥៥ភាគរយ នៃចំនួនប្រជាពលរដ្ឋអាយុចាប់១៨ឆ្នាំឡើងនៅទូទាំងខេត្តប្រមាណ៣៥ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។

លោកប្រធានមន្ទីរ បានបន្ថែមថា បច្ចុប្បន្នការចាក់វ៉ាក់សាំងនៅតែបន្តសកម្មភាពចាក់ជូនប្រជាពលរដ្ឋនៅទូទាំង៨ក្រុង ស្រុករបស់ខេត្តកំពង់ឆ្នាំង ដែលមាន២៤គោលដៅ។ នៅជំហានបន្ទាប់នឹងពិគ្រោះផ្តល់ចាក់ជូនកុមារអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមានចំនួនប៉ាន់ប្រមាណមានចំនួនជិត៧ម៉ឺននាក់ជាបន្តទៀត ។
គួរបញ្ជាក់ថា កម្ពុជាបានចាត់ទុកវ៉ាក់សាំង គឺជាឧបករណ៍យុទ្ធសាស្ត្រមួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ បច្ចប្បន្នកម្ពុជាមានវ៉ាក់សាំងចំនួន៤ប្រភេទកំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋ រួមមាន វ៉ាក់សាំងស៊ីណូហ្វាម វ៉ាក់សាំងស៊ីណូវ៉ាក់ វ៉ាក់សាំងអាស្ត្រាហ្សេនីកា និងវ៉ាក់សាំងចនសុនចនសុន៕អត្ថបទ៖ សុគន្ធារី














