កំពង់ឆ្នាំង ៖ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាលដែលមានទីតាំង ស្ថិតក្នុងភូមិកោះខ្ទម្ព ឃុំជៀប ស្រុកទឹកផុស បានបើកដំណើរការឲ្យភ្ញៀវចូលទៅទៅលេងកំសាន្តវិញហើយ បន្ទាប់ពីផ្អាកមួយរយះដោយសារជំនន់ទឹកភ្លៀងហូរច្រោះ បណ្តាលឲ្យដាច់ផ្លូវ ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ថ្មក្រាល បានបើកឲ្យភ្ញៀវចូលទៅលេងកំសាន្តវិញហើយ ក្រោយពីអាជ្ញាធរនិងសហគន៍ធ្វើស្ពានសម្រាប់ឆ្លងជាបណ្តោះអាសន្ន ដែលអាចឆ្លងបានទាំងរយន្តតូច ទាំងរថយន្តធំផងដែរ ។

លោកប្រធានមន្ទីរបានឲ្យដឹងថា ក្រោយពីមានភ្លៀងធ្លាក់ជាប់ៗគ្នាបានធ្វើឲ្យមានជំនន់ទឹកភ្លៀង ហូរកាត់ផ្តាច់ផ្លូវត្រង់ចំណុចខ្លះ នៃផ្លូវចូលទៅកំសាន្តនៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ។ ហើយអាជ្ញាធរបានជូនដំណឹង ដល់ភ្ញៀវទេសចរ ឲ្យផ្អាកការទៅលេងកំសាន្ត ចាប់ពីថ្ងៃទី២០ កក្កដា ។ ប៉ុន្តែនៅពេលនេះ ភ្ញៀវទេសចរណ៍ អាចមកលេងបានជាធម្មតាវិញហើយ ។

លោកសេង សាលី បានឲ្យដឹងទៀត ថ្មក្រាលជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលមានភ្ញៀទៅលេងច្រើនជាងគេ បើប្រៀបធៀបទៅនឹងតបន់ទេសចរណ៍ផ្សេងៗទៀត នៅក្នុងខេត្តកំពង់ឆ្នាំង ។ ភ្ញៀវដែលមកលេងច្រើន គឺនៅថ្ងៃបុណ្យជាតិធំនិងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ។











