កំពង់ឆ្នាំង៖ អគ្គិភ័យបានឆេះបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋ អស់ចំនួន៦ខ្នង ក្នុងនោះ១ខ្នងត្រូវភ្លើងឆេះខូចខាតទាំងស្រុង ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង២១និង២៥នាទីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងនិងជាអ្នកនាំពាក្យស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះ ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ ខូវ លី ជាស្នងការ បានបញ្ជាកម្លាំងនិងរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ចេញអន្តរាគមន៍ បាញ់ទឹកពន្លត់ ទើបភ្លើងមិនឆេះរាលដាលទៀតបាន ។

លោកស្នងការរង បានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បណ្តាលឲ្យឆេះខូចខាតផ្ទះអស់៦ខ្នង ក្នុងនោះ១ខ្នងឆេះទាំងស្រុង និង ៥ខ្នងទៀតឆេៈកន្ទុយខាងក្រោយ( ផ្ទះល្វែងតឈើខាងក្រោយ ) ។ ចំពោះមូលហេតុនិងទំហំនៃការខីចខាត នៅមិនទាន់ដឹងនៅឡើយទេ ។ ប៉ុន្តែប្រភពខ្លះបានឲ្យដឹងថា ករណីនេះ បណ្តាលមកពីទុស្សេខ្សែរភ្លើង ៕


