កំពង់ឆ្នាំង ៖ ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងសុខាភិបាលនិងរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ធ្វើសិក្ខាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ប្រកបដោយសុវត្តិភាព ដល់អ្នកពាក់ព័ន្ធនឹងមូលដ្ឋានព្យាបាល និង ថែទាំសុខភាព ។
ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការល្រសួងបរិស្ថាន បានគូសបញ្ជាក់ថា កិច្ចគាំពារបរិស្ថាន ត្រូវបានចាត់ទុកជាបញ្ហាអទិភាពដែលបានកំណត់យ៉ាងច្បាស់លាស់ នៅក្នុងសូចនាករនិងគោលដៅ នៃការអភិវឌ្ឍន៍ប្រកបដោយចិរភាព របស់កម្ពុជា ។ ក្រសួងបរិស្ថាន បានដាក់ចេញនូវទិសដៅនិងវិធានការគ្រប់គ្រងសម្រាមសំណល់រឹង នៅតាមទីប្រជុំជនទៅឲ្យរដ្ឋបាលក្រង ស្រុក ទទួលខុសត្រូវ ។ដោយឡែកសំណល់វេជ្ជសាស្ត្រ ជាសំណល់ដែលកើតចេញពីគ្រប់គ្រឹៈស្ថានសេវាព្យាបាលនិងថែទាំសុភាព នៅតាមមូលដ្ឋាន ដែលអាចបង្ករជាគ្រោះថ្នាក់យ៉ាងខ្លាំងដល់ជីវិតមនុស្សសត្វ ប្រសិនបើការគ្រប់គ្រងនិងទុកដាក់មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។
ឯកឧត្តម បានបញ្ជាក់ទៀតថា សិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចែករំលែកចំណេះដឹង និង បទពិសោធ លើការងារគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ដែលតម្រូវឲ្យមានការញែក វេចខ្ចប់ទុកដាក់ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ៕













